Connect with us
[better-ads type='banner' banner='357920' ]

អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនឹងធ្វើកិច្ចចរចាការពារជាតិ​ ប្រចាំឆ្នាំនៅទីក្រុងសេអ៊ូលនាសប្តាហ៍ក្រោយ

Published

on

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្រសួងការពារជាតិបាននិយាយនៅថ្ងៃសុក្រទី៨ ខែវិច្ឆិកានេះថា កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិកនឹងធ្វើកិច្ចចរចាថ្នាក់រដ្ឋមន្ត្រីការពារជាតិប្រចាំឆ្នាំរបស់ពួកគេ នៅក្នុងទីក្រុង​សេអ៊ូល​នាសប្តាហ៍ក្រោយនេះ គឺមួយសប្តាហ៍មុនពេលផុតកំណត់នៃកិច្ចព្រមព្រៀងចែក​រំលែក​ការស៊ើបការណ៍សម្ងាត់រវាងទីក្រុងសេអ៊ូល និងតូក្យូ។

ក្រសួងបាននិយាយថា រដ្ឋមន្រ្តីការពារជាតិលោក Jeong Kyeong-doo និងរដ្ឋមន្រ្តី​ការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper នឹងបើកកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខ​លើកទី៥១ (SCM) នាថ្ងៃសុក្រស្អែកនេះ នៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាឱ្យកាន់តែស៊ីជម្រៅ​ទៅក្នុង​បញ្ហាសន្តិសុខចម្រុះដែលកំពុងទន្ទឹងរង់ចាំ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា របៀបវារៈសំខាន់ៗ​រួមមាន​ស្ថានការណ៍សន្តិសុខនៅឧបទ្វីបកូរ៉េ ការផ្ទេរការគ្រប់គ្រងប្រតិបត្ដិការពេលមានសង្គ្រាម (OPCON) របស់កងកម្លាំង កូរ៉េខាងត្បូងពីទីក្រុងវ៉ាស៊ីនតោន ទៅទីក្រុងសេអ៊ូល​ នឹងការផ្លាស់ប្តូរ​ទីតាំង នឹងការវិលត្រឡប់វិញនៃ មូលដ្ឋានយោធាសហរដ្ឋអាមេរិក។ ក្រុមមន្រ្តីបាននិយាយថា លោក Esper គ្រោងនឹងមកដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃ​ព្រហស្បតិ៍។

កិច្ចប្រជុំនេះ នឹងធ្វើឡើងចំពេលមានសម្ពាធកាន់តែខ្លាំងឡើងដោយសហរដ្ឋអាមេរិក​ទៅលើកូរ៉េខាងត្បូង ដើម្បីពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ចប់កិច្ច​ព្រមព្រៀង​សន្តិសុខព័ត៌មានយោធា(GSOMIA) ជាមួយប្រទេសជប៉ុន ដែលនឹងត្រូវផុតកំណត់​នៅ​ថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខនេះ។

កតិកាសញ្ញាចែករំលែកព័ត៌មានយោធា ត្រូវបានគេមើលឃើញថា ជាយន្តការសំខាន់​នៃ​កិច្ចសហ-ប្រតិបត្តិការត្រីភាគី​រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីទាំងពីររបស់ខ្លួន ចំពោះការគំរាមកំហែងសន្តិសុខដែលបង្កឡើងដោយកូរ៉េខាងជើង និងប្រទេសចិន ដែល​អះអាង​ថា បានពង្រឹងចំណងមិត្តភាពការពារជាតិជាមួយរុស្ស៊ីនោះ។

ដោយប្រកាសអំពីដំណើររបស់លោក Esper ទៅកាន់ប្រទេសកូរ៉េខាងត្បូង ​អ្នកនាំពាក្យ​មន្ទីរ ប៉ង់តាហ្គោនលោក Jonathan Hoffman បាននិយាយថា លោកអាចធានាបាននូវ​ប្រធានបទនេះ ដែលនឹងជាផ្នែកមួយនៃកិច្ចប្រជុំរបស់លោក Esper ជាមួយលោក Jeong នៅ​សប្តាហ៍ក្រោយ។

បើទោះបីជាមានការប្រឆាំងពីសហរដ្ឋអាមេរិកក៏ដោយ ប្រទេសកូរ៉េខាងត្បូងបាន​ប្រកាស​ការសម្រេចរបស់ខ្លួនមិនឱ្យបន្តកិច្ចព្រមព្រៀងថ្មីទ្វេភាគី បន្ទាប់ពីប្រទេសជប៉ុន​បាន​ដាក់​ចេញនូវវិធានការនាំចេញថ្មីប្រឆាំងនឹងទីក្រុងសេអ៊ូល ដែលត្រូវបានគេមើលឃើញថា​ ជា​ការសងសឹកផ្នែកនយោបាយ ចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលរបស់កូរ៉េខាងត្បូង​កាលពីឆ្នាំមុន ដែលបានបញ្ជាឱ្យក្រុមហ៊ុនជប៉ុនផ្តល់សំណងដល់ជនរងគ្រោះនៃកម្លាំង​ពលកម្ម​ដោយបង្ខំនោះ។

កាលពីថ្ងៃចន្ទ លោករដ្ឋមន្ត្រី Jeong បានប្រាប់សភាថា « ខ្ញុំគិតថា ឧបករណ៍បែបនេះ (ដូចជាGSOMIA) គួរតែត្រូវបានគេថែរក្សា ប្រសិនបើពួកគេនឹងធ្វើល្អចំពោះផលប្រយោជន៍​សន្តិសុខ​របស់យើងសូម្បីតែបន្តិចនោះ »។​ ប៉ុន្តែលោកបានបង្ហាញថា បញ្ហាដែលមិនទាន់​សម្រេចដូចជា ការរឹតបន្តឹងការនាំចេញគួរតែត្រូវបានដោះស្រាយក្នុងពេលតែមួយ៕

(ប្រភពYonhap: បកប្រែដោយលោក មាស សំអុល)

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន