Connect with us
[better-ads type='banner' banner='357920' ]

អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា

កូរ៉េខាងត្បូងនិរទេសជនជាតិកូរ៉េខាងជើង ២នាក់ ដែលត្រូវ បានចោទប្រកាន់ក្នុងការសម្លាប់សមាជិកនាវិកចំនួន ១៦នាក់

Published

on

AKP ភ្នំពេញ ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៩​ — កាលពីថ្ងៃព្រហស្បតិ៍ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូងបាននិរទេសជនជាតិកូរ៉េខាងជើង២នាក់ ឱ្យត្រឡប់ទៅប្រទេសកុម្មុយនីស្តវិញ បន្ទាប់ពីដឹងថា ពួកគេបានសម្លាប់សមាជិកនាវិក១៦នាក់ នៅលើទូកនេសាទរបស់ពួកគេ ហើយបានភៀសខ្លួនទៅកាន់ភាគខាងត្បូង។

យោងតាមក្រសួងនេះបានឱ្យដឹងថា អ្នកទាំងពីរនោះមានអាយុ ២០ឆ្នាំ ត្រូវបានបញ្ជូនទៅភាគខាងជើងវិញនៅម៉ោងប្រហែល ៣:១០នាទីរសៀល តាមរយៈភូមិមួយនៃតំបន់ Panmunjom ក្រោយរយៈពេលប្រាំថ្ងៃបន្ទាប់ពីពួកគេត្រូវបានគេចាប់ខ្លួននៅជិតព្រំដែនសមុទ្រ Limit Line ភាគខាងជើងនៅក្នុងតំបន់សមុទ្រខាងកើតកាលពីថ្ងៃសៅរ៍។

នេះ គឺជាការនិរទេសជនជាតិកូរ៉េខាងជើងជាលើកដំបូងរបស់កូរ៉េខាងត្បូង តាមរយៈតំបន់ Panmunjom ។

លោក Lee Sang-min អ្នកនាំពាក្យក្រសួងនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងបានសម្រេចចិត្តនិរទេសពួកគេបន្ទាប់ពីបានកំណត់ថា ការទទួលយកពួកគេចូលក្នុងសង្គមរបស់យើងអាចបង្កជាការគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជនយើង ហើយឧក្រិដ្ឋជនបែបនេះមិនអាចត្រូវបានគេទទួលស្គាល់ថា ជាជនភៀសខ្លួនស្ថិតក្រោមច្បាប់អន្ដរជាតិនោះទេ»។

មន្ត្រីក្រសួងនេះបាននិយាយថា រដ្ឋាភិបាលក៏គ្រោងនឹងបញ្ជូនទូកនេសាទរបស់ប្រជាជនកូរ៉េខាងជើងត្រឡប់ទៅវិញផងដែរ។

ក្រុមមន្រ្តីទាំងនោះបាននិយាយថា វាបានចំណាយពេលអស់ពីរបីថ្ងៃសម្រាប់កងទ័ពជើងទឹកខាងត្បូង ដើម្បីចាប់ជនជាតិកូរ៉េខាងជើងនៅពេលពួកគេព្យាយាមរត់គេចបន្ទាប់ពីឆ្លងកាត់ចូលទៅខាងត្បូង។

យោងតាមក្រុមមន្រ្តីទាំងនោះបានឱ្យដឹងថា ក្នុងអំឡុងពេលនៃការស៊ើបអង្កេត ជនជាតិកូរ៉េខាងជើងបានសារភាពថា ពួកគេនឹងសមាជិកនាវិកផ្សេងទៀតបានសម្លាប់ប្រធានក្រុមនេសាទកាលពីចុងខែតុលា ដោយសារខឹងនឹងការប្រព្រឹត្តដ៏ឃោរឃៅរបស់គាត់ ហើយពួកគេបានសម្លាប់សមាជិកនាវិកដែលតវ៉ាផ្សេងទៀតម្តងមួយៗជាបន្តបន្ទាប់។ ពួកគេក៏ត្រូវបានដកស្រង់សម្តីផងដែរថា សាកសពទាំងអស់ត្រូវបានគេបោះចោលលើនាវា៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន