Connect with us
[better-ads type='banner' banner='357920' ]

អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា

កូរ៉េខាងត្បូង និងជប៉ុននឹងធ្វើកិច្ចចរចាជុំទី២ ជុំវិញជម្លោះនៅ អង្គការពាណិជ្ជកម្មពិភពលោក

Published

on

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានយល់ព្រមធ្វើកិច្ចចរចា​លើក​ទី២ ជាមួយប្រទេសជប៉ុននៅចុងខែនេះ នៅក្នុងការប៉ុនប៉ងចុងក្រោយរបស់ពួកគេ ដើម្បី​ដោះស្រាយជម្លោះពាណិជ្ជកម្ម ដែលកំពុងបន្តលើការរឹតត្បិតការនាំចេញរបស់ទីក្រុងតូក្យូ ​នៅ​ឯ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក(WTO)។

លោក Chung Hae-kwan អគ្គនាយកកិច្ចការពហុភាគី និងច្បាប់នៅក្រសួងពាណិជ្ជកម្ម​ឧស្សាហកម្ម និងថាមពលនឹងអង្គុយជជែកពិភាក្សាជាមួយសមភាគីជប៉ុនលោក Junichiro Kuroda នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខនេះនៅទីក្រុងហ្សឺណែវ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងនឹងខិតខំប្រឹងប្រែងឱ្យអស់​ពីសមត្ថភាព ដើម្បីព្យាយាមដោះស្រាយការរឹតត្បិតការនាំចេញរបស់ជប៉ុនយ៉ាងឆាប់រហ័ស។

កិច្ចពិភាក្សានេះ គឺជាផ្នែកមួយនៃដំណើរការដោះស្រាយជម្លោះក្រោមវិធានរបស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

កាលពីខែមុន អ្នកទាំងពីរមិនបានឈានដល់កិច្ចព្រមព្រៀងមួយ នៅក្នុងកិច្ចពិភាក្សា​លើក​ដំបូងរបស់ពួកគេ នៅទីក្រុងហ្សឺណែវ ទាក់ទងនឹងបណ្តឹងរបស់ទីក្រុងសេអ៊ូលជាមួយ​ស្ថាប័នពាណិជ្ជកម្មពិភពលោក      ជុំវិញការទប់ស្កាត់ការនាំចេញរបស់ទីក្រុងតូក្យូ។

កូរ៉េខាងត្បូងចាត់ទុកទង្វើរបស់ជប៉ុនថា ជាការសងសឹកប្រឆាំងនឹងសេចក្តីសម្រេច​របស់​តុលាការកំពូលកូរ៉េខាងត្បូងកាលពីឆ្នាំមុន ដែលបញ្ជាឱ្យក្រុមហ៊ុនជប៉ុនសងសំណង​ដល់​ជនរងគ្រោះដោយសារពលកម្មបង្ខំលើពលរដ្ឋកូរ៉េខាងត្បូង ក្នុងអំឡុងអាណានិគមជប៉ុនឆ្នាំ ១៩១០-៤៥ នៃឧបទ្វីបកូរ៉េ។

ប្រទេសជប៉ុនបាននិយាយថា បទបញ្ញត្តិនេះ គឺចាំបាច់ពីព្រោះប្រទេសកូរ៉េខាងត្បូង ប្រតិ​បត្តិ​ការប្រព័ន្ធត្រួតពិនិត្យធូររលុងលើពាណិជ្ជកម្មទំនិញងាយរងគ្រោះ ដែលជាការអះអាង​បដិសេធ​យ៉ាងខ្លាំងពីសំណាក់ទីក្រុងសេអ៊ូល។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេ-អ៊ីន និងនាយករដ្ឋ​មន្ត្រី​ជប៉ុនលោក ស៊ីនហ្សូ អាបេ បានឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាដែលមិនទាន់​សម្រេច​តាមរយៈកិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងបាងកក នៅក្នុងកិច្ច​ពិភាក្សា​មួយទល់មួយលើកដំបូងរបស់ពួកគេ ក្នុង     រយៈពេលជាងមួយឆ្នាំកន្លងមកនេះ​ចំពេល​មាន​ទំនាក់ទំនងមិនចុះសម្រុងគ្នានោះ។

កិច្ចពិគ្រោះយោបល់ទ្វេភាគីនេះ គឺជាជំហានដំបូងនៃដំណោះស្រាយវិវាទ​អង្គការ​ពាណិជ្ជ​កម្មពិភពលោក។ ប្រសិនបើអ្នកទាំងពីរខកខានក្នុងការបង្រួមភាពខុសគ្នារបស់ពួកគេ​ក្នុងរយៈពេល៦០ថ្ងៃ អង្គភាពដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក​នឹងបង្កើត​ក្រុមមួយ ដើម្បីពិនិត្យបន្ថែមលើករណីនេះ៕

(ប្រភពយន់ហាប់: បកប្រែដោយលោក មាស សំអុល)

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន