Connect with us
[better-ads type='banner' banner='357920' ]

អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា

សន្និសីទអន្តរជាតិសមុទ្រចិនខាងត្បូងលើកទី ១១ ត្រូវបានបញ្ជប់

Published

on

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩​ — មន្ត្រីមួយរូបបាននិយាយឱ្យដឹងថា ការអនុលោមទៅនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងការលើកកម្ពស់តួនាទីស្នូលរបស់អាស៊ាន គឺជាជម្រើសគោលនយោបាយរបស់ប្រទេសវៀតណាមក្នុងការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង (ហៅថា សមុទ្រខាងកើតនៅប្រទេសវៀតណាម) ។

នៅក្នុងសុន្ទរកថាបិទសន្និសីទអន្តរជាតិសមុទ្រចិនខាងត្បូងលើកទី១១ របស់លោក Nguyen Vu Tung ប្រធានបណ្ឌិតសភាការទូតវៀតណាម (DAV) នៅទីក្រុងហាណូយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា សន្ធិសញ្ញា UNCLOS ឆ្នាំ ១៩៨២ នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ដំណោះស្រាយចំពោះបញ្ហាសមុទ្រចិនខាងត្បូង។

លោក Tung ក្នុងសន្និសីទរយៈពេល ២ថ្ងៃនេះ ប្រតិភូក្នុងស្រុក និងបរទេស បានពិភាក្សាគ្នាអំពីបញ្ហាជាច្រើនទាក់ទងនឹងសមុទ្រចិនខាងត្បូង ដូចជាសន្ធិសញ្ញា UNCLOS ឆ្នាំ ១៩៨២ សេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានា នៅសមុទ្រចិនខាងត្បូង (DOC) ក្រមសីលធម៌ដែលបានកំពុងស្ថិតក្នុងគម្រោងនៅ    សមុទ្រចិនខាងត្បូង (COC) និងកិច្ចព្រមព្រៀង ព្រមទាំងសន្ធិសញ្ញាទ្វេភាគី និងពហុភាគីផ្សេងៗទៀតជាច្រើន។

យោងតាមមន្រ្តីរូបនេះបានឱ្យដឹងថា អ្នកចូលរួមបានអះអាងថា ពហុភាគីនិយមនៅតែបន្ត បើ ទោះបីជាវាកំពុងប្រឈមនឹងបញ្ហានានា ជាពិសេសនៅក្នុងបញ្ហាដែលទាក់ទងនឹងសមុទ្រចិនខាងត្បូងក៏       ដោយ។ ពហុភាគីនិយម និងសណ្តាប់ធ្នាប់ពិភពលោកនឹងប្រឈមនឹងបញ្ហាធំៗ ប្រសិនបើច្បាប់អន្តរជាតិរួមទាំង UNCLOS ឆ្នាំ ១៩៨២ មិនត្រូវបានគោរព។

លោក Tung បាននិយាយថា បណ្តាប្រតិភូបានចំណាយពេលវេលាជាច្រើនដើម្បីជជែកដេញដោលគ្នាអំពីការប្រកួតប្រជែងរវាងមហាអំណាចពិភពលោកនៅក្នុងតំបន់ និងឥរិយាបទ ព្រមទាំងសកម្មភាពរបស់ភាគីពាក់ព័ន្ធធំៗ ដូចជាសហរដ្ឋអាមេរិក ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា អូស្ត្រាលី នូវែលហ្សេឡង់ និង           សហភាពអឺរ៉ុប។

លោកបាននិយាយបន្ថែមថា ពួកគេក៏បានលើកឡើងអំពីប្រទេសចិន ដែលជាអ្នកទាមទារធំជាងគេនៅសមុទ្រចិនខាងត្បូង និងជាមហាអំណាចដែលកំពុងលេចធ្លោនៅក្នុងតំបន់នេះផងដែរ ដោយពួកគេបាននិយាយថា ទីក្រុងប៉េកាំងត្រូវបានគេរំពឹងថា នឹងក្លាយជាភាគីពាក់ព័ន្ធធំបំផុតក្នុងការដោះស្រាយជម្លោះនៅក្នុងដែនទឹកមួយនេះ។

សន្និសីទអន្តរជាតិសមុទ្រចិនខាងត្បូងលើកទី ១១ ស្តីពី «កិច្ចសហប្រតិបត្តិការសម្រាប់សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់» ត្រូវបានរៀបចំរួមគ្នាដោយបណ្ឌិតសភាការទូតវៀតណាម មូលនិធិសម្រាប់ការសិក្សាសមុទ្រខាងកើត (FESS) និងសមាគមមេធាវីវៀតណាម (VLA) ដោយមានវាគ្មិនចូលរួមប្រមាណ ៥០នាក់ និងមន្រ្តី អ្នកប្រាជ្ញ និងអ្នកការទូតវៀតណាម និងបរទេសចំនួន ២៥០នាក់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន