រាជរដ្ឋាភិបាលពង្រីកទីលានចំណតយន្តហោះថ្មីនៅក្នុងអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ៖ វ៉ាង ភក្តី ០៨ ១១ ២០១៩៖

រាជរដ្ឋាភិបាល បានសម្រេចពង្រីកទីលានចំណតយន្តហោះថ្មី នៅក្នុងអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងកំណើនយន្តហោះដែលនឹងមកដល់ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ ផ្ទះនៃកិច្ចប្រជុំអាស៊ីអឺរ៉ុបនៅឆ្នាំ២០២០ កិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ និងម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ខាងមុខនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីសូត្រមន្តប្រោសព្រំសិរីសួស្តីនៃចំណតយន្តហោះថ្មីB នៅក្នុងអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា ទីលានចំណតយន្តហោះថ្មីនេះ អាចផ្ទុកយន្តហោះប្រភេទពាណិជ្ជកម្មធន់មធ្យមA320ចំនួន១២គ្រឿង បន្ថែមលើទីចំណតបច្ចុប្បន្នក្នុងទីតាំងA ដែលផ្តល់ទីសំចតយន្តហោះសរុបបានត្រឹមតែ២៣គ្រឿងប៉ុណ្ណោះ ក្នុងនោះយន្តហោះខ្នាតធំបានតែត្រឹម១០គ្រឿង។
ឯកឧត្តម បានឲ្យដឹងបន្ថែមថា រាជរដ្ឋាភិល ក៏បានសម្រេចឲ្យក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ពង្រីកទីចំណតយន្តហោះនៅមុខច្រកទ្វារVIPចំនួន៧គ្រឿងបន្ថែមទៀត ដោយរំពឹងថា ដល់ដំណាច់ឆ្នាំ២០១៩នេះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញអាចទទួលចតយន្តហោះធន់មធ្យម និង ខ្នាតធំរហូតដល់៤២គ្រឿង ក្នុងពេលដំណាលគ្នា។
សំឡេង៖គោលដៅដែលយើងសាងសង់………….នៅអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញរបស់យើង
បើតាមការបញ្ជាក់របស់លោក អាឡាំង ប្រ៊ង (Alain BRUN) នាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានឲ្យដឹងថា ចំណតយន្តហោះថ្មីB ដែលត្រូវបានសាងសង់រួចរាល់នៅផ្នែកម្ខាងទៀត ដោយស្ថិតនៅចំពីមុខនៃចំណតបច្ចុប្បន្ននេះ បានចំណាយការវិនិយោគក្នុងទឹកប្រាក់សរុប៨លានដុល្លារអាមេរិក។ លោករំពឹងថា ក្រោយពង្រីកចំណតថ្មីនេះ នឹងធ្វើឲ្យអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ អាចស្រូបកំណើនភ្ញៀវរហូតដល់៦លាននាក់ នៅត្រឹមដំណាចឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា អាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិទៅឲ្យក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដែលមានអ្នកគ្រប់គ្រងជាជនជាតិបារាំងចាប់តាំងពីឆ្នាំ១៩៩៥ ដើម្បីអភិវឌ្ឍន៍លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មដល់ក្រុមហ៊ុនអាកាសចរណ៍ និងអ្នកដំណើរ ឲ្យស្របតាមស្តង់ដារអន្តរជាតិ សំដៅឆ្លើយតបនឹងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងអ្នកវិនិយោគ ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសក្នុងគោលបំណងបើកចំហរជើងមេឃរបស់កម្ពុជាទៅកាន់ពិភពលោក និងពីពិភពលោកមកកាន់កម្ពុជា ដែលឆ្លើយតបទៅនឹងចក្ខុវិស័យនៃការជំរុញសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕