ក្រសួងទេសចរណ៍ក្រើនរំឮកពីការទុកដាក់សំរាម និងថែរក្សាបរិស្ថានអនាម័យ នាឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខ

វិទ្យុជាតិកម្ពុជា៖អត្ថបទចេម ហួត
ភ្នំពេញ៖ក្រសួងទេសចរណ៍បានក្រើនរំឮកអោយមានការចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវ និងថែរក្សាបរិស្ថានអនាម័យក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងស្អាត និងទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។
ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងមានក្រុមអាជីវករ ព្រមទាំងប្រជាពលរដ្ឋរាប់ម៉ឺនាក់មកលេងកម្សាន្តក្នុងពិធីនេះ ។ការដែលមានអ្នកចូលរួមលេងកម្សាន្តរាប់ម៉ឺននាក់នេះក័បង្កើតអោយមាន កាកសំណល់សម្រាមជាច្រើន ក្រោយពីបានប្រើប្រាស់រួចផងដែរ។
តាមរយៈសេចក្តីអំពាវនាវស្តីពីការចូលរួមថែរក្សាអនាម័យ និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ របស់ក្រសួងទេសចរណ៍ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី៨ខែវិច្ឆិការនេះ ឯកឧ្តមថោង ខុនបានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ដែលមកលេងកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅរាជធានីភ្នំពេញខាងមុខនេះ សូមមេត្តាកុំបោះសំរាមចោលពាសវាលពាសកាល,កុំបន្ទោរបង់ពាលវាលពាសកាល ចូលទន្លេ និងកន្លែង សាធារណៈផ្សេងៗ,ត្រូវវេចខ្ចប់សំរាម និងទុកដាក់ឲ្យបានត្រឹមត្រូវក្នុងធុងសំរាម,ត្រូវប្រើប្រាស់បង្គន់ សាធារណៈឲ្យបានត្រឹមត្រូវ, ត្រូវចូលរួមអប់រំអំពីភាពស្អាត ការថែរក្សាអនាម័យដល់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកជុំវិញខ្លួន។
ជាមួយគ្នានោះដែរគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រតិបត្តិករទេសចរណ៍អាជីវករ និងសាធារណៈជនទាំងអស់ នឹងចូលរួមគ្រប់គ្រងសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព ភាពស្អាត និងភាពបៃតង នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ការអំពាវនេះបានធ្វើឡើងបន្ទាប់ពីគេកត់សម្គាល់ឃើញថា រាល់ពិធីបុណ្យធំៗ ជាពិសេសបុណ្យអំទូកនេះ ដែលមនុស្សច្រើនកកកុញមកជួបជុំគ្នានៅភ្នំពេញ គឺក្រោយចប់ពិធីរមែងមានសំរាមជាច្រើននៅពាសពេញមាត់ទន្លេ ទីកន្លែងមហាជនជួបជុំគ្នា។
លោក សាន ដារ៉ាវិត ស្ថាបនិកនៃក្រុម «យុវជនសំរាម» បានឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យអុំទូក នាពេលខាងមុខនេះ កម្លាំងយុវជនប្រមាណជាង១០០នាក់ បានត្រៀមរើសសំរាមនៅមុខមហាជន ដើម្បីចូលរួមលើកកម្ពស់អណាម័យទីក្រុង និងជាការផ្សព្វផ្សាយអំពីការគ្រប់គ្រងសំរាមទៅដល់សាធារណជនអោយកាន់តែល្អប្រសើរឡើងថែមទៀត៕