ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ អាចនឹងរងឥទ្ធិពលព្យុះណាគ្រី

វិទ្យុជាតិកម្ពុជា​៖​ អត្ថបទ យី វិច្ឆិកា ០៧ ១១ ២០១៩ ៖

 មន្រ្តីជំនាញក្រសួងធនធានទឹក បានឲ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែត ប្រទីប សំពះព្រះខែនិងអកអំបុកឆ្នាំនេះ អាចនឹងជួបបញ្ហាអាកាសធាតុមិនល្អមួយចំនួនដែលបណ្តាល មកពីឥទ្ធិពលព្យុះ ណាគ្រី ពីប្រទេសវៀតណាម ដែលទាមទារអោយក្រុមកីឡាករកីឡាការិនីបង្កើនការប្រុងប្រយ័ត្ន ខ្ពស់នៅពេលប្រណាំងនៅលើផ្ទៃទឹក។
ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បញ្ហាអាកាសធាតុមិនល្អអាចនឹងកើតឡើងនៅចំថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកឆ្នាំនេះ ដោយសារសម្ពាធទាបសកម្មដែលស្ថិតនៅក្បែរប្រទេសវៀតណាម អស់រយៈពេល ២ទៅ៣ ថ្ងៃរួចមកហើយ ហើយវាបានបង្កើនឥទ្ធិពលទៅជាវិសម្ពាធ(TD) បច្ចុប្បន្នកើនឥទ្ធិពលទៅជាព្យុះទី ២៤ ដែលមានឈ្មោះថា ណាគ្រី ។
ឯកឧត្តម បានបញ្ជាក់ថា ប្រទេសកម្ពុជា មិនទទួលរងឥទ្ធិពលអ្វីខ្លាំងទេចំពោះព្យុះណាគ្រីនេះ ចំណែកឯភ្លៀងក៏មិនមានអ្វីធ្លាក់កំហុកខ្លាំងដែរ ។ ព្យុះណាគ្រីនេះបានរំកិលខ្លួនទៅលើតំបន់ខ្ពង់រៀបភាគឦសាន ហើយតំបន់នោះជាតំបន់ខ្ពង់រៀបខ្ពស់ៗពេលវាប៉ះកន្លែងភ្នំនោះនិងបែកខ្ចាយមិនមានផលប៉ះពាល់អ្វីនោះទេ។
សម្លេង ( យើងបានតាមដានហើយក្រសួងក៏បានជូនដំណឹងដែរ ហើយព្រះរាជពិធីបុណ្យគឺមិនជាមានការប៉ះពាល់អ្វីធ្ងន់ធ្ងរទេ អាចប្រព្រឹត្តទៅបានធម្មតាបើនិយាយរឿងអាកាសធាតុ ដោយ សារតែឥទ្ធិពលរបស់វាខ្សោយ ព្យុះនេះវាមិនជាខ្លាំងប៉ុន្មានទេ ហើយក៏មិនមែនធ្វើដំណើរមកផ្នែកខាងក្រោមដែរគឺទៅខាងលើម្តុំឆ្នេរវៀតណាម ដូច្នេះទេគឺនៅផ្នែកខាងក្រោមជាពិសេសរាជធានីភ្នំពេញ ដែលប្រារព្ធព្រះរាជពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកគ្រាន់តែផ្ទៃមេឃមានពពកបើនិយាយពីភ្លៀងពីកម្រិតទាបទៅមធ្យមតែប៉ណ្ណោះ )។
ឯកឧត្តមបញ្ជាក់ថា ព្យុះណាគ្រីនេះនឹងបក់ចូលប្រទេសវៀតណាមនៅចំណុចលើខេត្តញ៉ាត្រាង នៅយប់ថ្ងៃទី ៩ ឆ្លងចូលថ្ងៃទី ១០ ខែ វិច្ឆិកា វាថមថយឥទ្ធិពលជាបន្តបន្ទាប់ រួចចូលមកដល់ប្រទេសកម្ពុជាក្នុងកម្រិតសម្ពាធទាប នៅយប់ថ្ងៃទី១០ ឆ្លងចូលថ្ងៃទី ១១ ខែ វិច្ឆិកា។ ដូច្នេះ សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ក្នុងដំណើរកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប សំពះព្រះខែនិងអកអំបុក ខាងមុខនេះ៕