អាជ្ញាធរខេត្តស្ទឹងត្រែង សាងសង់ផ្លូវបេតុងតភ្ជាប់ពីស្ពានថ្មទៅកាន់ផ្លូវជាតិលេខ០៧

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

អាជ្ញាធរខេត្ត ស្ទឹងត្រែង ស្ថាបនាផ្លូវ(លេខ១៤)ក្នុងក្រុង ជាផ្លូវបេតុង ឱ្យធំទូលាយជាងមុន ដោយគ្រោងបញ្ជាប់ការសាងសង់ នៅសប្តាហ៍ទី៤ខែវិច្ឆិកា ដើម្បីធ្វើឱ្យទីក្រុងមានសោភណ្ឌភាពផងនិងងាយស្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋផង។
ក្នុងសកម្មភាពសាងសង់ផ្លូវបេតុងនៅថ្ងៃទី០៧ខែវិច្ឆិកានេះ លោកនូ វណ្ណ មន្ត្រីបច្ចេកទេសស្ថាបនាផ្លូវនេះបានបញ្ជាក់ថា៖អាជ្ញាធរបានផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការស្ថាបនាផ្លូវក្នុងក្រុង ពីផ្លូវកៅស៊ូ មកជាបេតុងជំនួសវិញ ព្រោះវាមានគុណភាពជាងផ្លូវកៅស៊ូ ពេលខូចមិនពិបាកក្នុងការជួសជុលនាំឱ្យខាតថវិកាជាតិ។ លោកបន្តថា៖កាលពីផ្លូវកៅស៊ូចាស់តូចចង្អៀតនិងខូច បង្កភាពលំបាកជារៀងរាល់ឆ្នាំ ទើបខេត្តរៀបចំស្ថាបនាជាផ្លូវបេតុងមានភាពរឹងមាំ ធានាដល់ការប្រើប្រាស់បានយូរ។
(សម្លេង)ធ្វើហើយវាធានាការប្រើប្រាស់ដូចសព្វដងដូចជាផ្លូវជុំវិញផ្សារ តាមផ្លូវទៅគីឡូ២ អីនិង តាមជុំវិញផ្សារអានិងសុទ្ធតែខ្ញុំធ្វើទាំងអស់និង គម្រោងរបស់ខេត្តខ្លះ របស់ក្រសួងខ្លះ។
លោកសានវណ្ណៈប្រជាពលរដ្ឋនៅភូមិ ស្ពានថ្មសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង បានសាទរចំពោះការស្ថាបនាឱ្យមានផ្លូវបេតុងថ្មី ព្រោះផ្លូវកៅស៊ូចាស់វាខូចធ្ងន់ធ្ងរ ពិបានធ្វើដំណើរគាប់ជួនពេលខ្លះបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់សិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅរៀនថែមទៀត។ លោកគាត់សំគាល់ថា៖ ផ្លូវបេតុងនេះនិងផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ជាសាធារណៈ ហើយប្រជាពលរដ្ឋយើងនិងចូលរួមថែរក្សសមិទ្ធផលនេះទាំងអស់គ្នា សម្អាតបរិស្ថានតាមដងផ្លូវ ចំណែកអ្នកប្រើប្រាស់រថយន្តធំៗដឹកទំនិញក៍ត្រូវគិតគូផងដែរ។
(សម្លេង)អ្នកដឹកលើសទំងន់និងក៍សូមឱ្យជួយគិតគូផងព្រោះសមិទ្ធផលនិងទំរាំតែធ្វើបានប៉ុណ្ណឹងមិនងាយនិងធ្វើបានទេអញ្ចឹងប្រមុខដឹកនាំនិងបានគិតខិតខំគិតគូខ្លាំណាស់ចំណាយថវិកាមិនតិចដែរដូច្នេះសំណូមពរឱ្យរថយន្ដធំៗដឹកធ្ងន់ជួយគិតគូនិងរឿងនេះផងបាទ។
លោកស្រី ឯម ស្រីល័ក្ខ រស់នៅភូមិស្ពានថ្មីជិតផ្លូវនេះដែរ បានលើកឡើងថា៖ ក្នុងពេលដែលអាជ្ញាធរខេត្តបានអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ មុខផ្ទះបងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរនៅតាមនៅតាមដងផ្លូវក៍មានសោភណ្ឌភាព ហើយនិងនាំគ្នាចូលរួមសំអាតផ្នែកបរិស្ថានបន្ថែម ព្រោះវាជាសមិទ្ទផលជាតិយើងទាំងអស់គ្នា។
សូមបញ្ជាក់ថា៖ផ្លូវបេតុងនេះស្ថាបនា ចេញពី ស្ពានថ្ម (ហៅថាស្ពានសិលាមង្គល)ជិតផ្ទះលោកតាស៊ិនស៊ីសាមុត រហូតមកដល់(ស្ពានព្រែក)តភ្ជាប់ទៅផ្លូវជាតិលេខ០៧មានប្រវែង៩៧០ម៉ែត្រទទឹង៨ម៉ែត្រ ដើម្បីលើកស្ទួយសោភណ្ឌភាពខេត្តផងនិងបង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋដឹកកសិកផលនិងទំនិញចេញចូលមកកាន់ទីផ្សារសាមគ្គីធំថ្មីក្រុងស្ទឹងត្រែងផង៕