ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យមានការចូលរួមអនុវត្តន៍ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ ២០១៩-២០២៣ ឱ្យមានប្រសិទ្ធភាព

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំ​ពាវនាវ​ដ​ល់​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់ឤវុធ និងឤជ្ញា​ធរ​ដែ​​ន ដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងវិស័​យ​ឯក​ជ​ន​ បន្តផ្តល់កិច្ចសហការ និងការគាំទ្រគ្រប់បែបយ៉ាងឱ្យកាន់តែសកម្ម ដើម្បីក្រសួងផែនការ​ឤ​ច​​ដំណើរការតាមដាន ត្រួតពិនិត្យការអនុវត្ត និងរៀបចំគោលនយោបាយជាតិ ត្រួតពិនិត្យ និ​ង  វា​យតម្លៃ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩- ២០២៣ ទទួលបានជោគជ័យ និងមា​ន​ប្រ​សិ​ទ្ធភាពខ្ពស់។ ការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនេះ ត្រូវបានធ្វើឡើង ក្នុង​ពិធីផ្សព្វផ្សាយ និ​ង​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៩-​២០២៣» កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ថ្ងៃទី​០​៧​ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីសម្រេចបាននូវការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាម ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ២​០​១៩-២០២៣ ត្រូវបន្តបង្កើន​កា​រ​សម្របសម្រួលគោលនយោបាយ​ជាតិជា​មួយ​សហគមន៍ដៃគូអភិវឌ្ឍន៍ អ្នកផ្តល់ហិរញ្ញប្បទា​​ន ដោយបង្កើនអភិបាលកិច្ច ជំរុញអនុវត្តន៍​កម្មវិធីកែទម្រង់លើគ្រប់វិស័យ​ប្រកបដោ​យប្រ​សិទ្ធ​ភា​ព តាមរយៈការពួត ផ្តុំគ្នាជាប្រព័ន្ធប្រទាក់​ក្រឡាគ្នាតែមួយ និងយោងគ្នាទៅវិញទៅមក ដើ​ម្បី​សម្រេចបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច គ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ឱ្យបានកាន់តែល្អប្រសើរ។ សម្ដេចតេជោបន្ដថា គ្រប់ក្រសួង-ស្ថាប័នញក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការ​យុ​ទ្ធ​សា​​ស្ត្រអភិវឌ្ឍ​​​​ន៍តាមវិស័យ​រៀងៗខ្លួន តាមរយៈការពិនិត្យមើលឡើងវិញនូវរាល់គម្រោង ឬកម្មវិ​ធី​កំពុ​ងដំណើរការ ព្រម​ទាំងគម្រោង ឬកម្មវិធីថ្មីៗ ដែលនៅបន្តគាំទ្រ ដោយធនធានពីក្នុង និង ក្រៅ​​ប្រទេស ដើម្បី​ធានាសង្គតិភាព, ឤទិភាព ដោយផ្សារភ្ជាប់ជាមួយ ផែនការយុទ្ធសាស្ត្រអភិ​វឌ្ឍ​ន៍ជាតិ ២០១៩-២០២៣ ព្រមទាំងរៀបចំកម្មវិធីវិនិយោគសាធារណៈ តាមរយៈការប៉ាន់ស្មាន​ត​​ម្លៃតាមវិស័យ​ឱ្យបានទាន់ពេលវេលា ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ​សាធារណៈបី​ឆ្នាំ​រំ​កិ​ល។ ជាមួយគ្នានេះ គ្រប់រាជធានី ខេត្ត ត្រូវរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍខេត្ត រាជធានី​របស់ខ្លួន និងត្រូ​វ​គិតគូររៀបចំ កម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល ស្របតាមឤណត្តិរបស់ ផែនការយុទ្ធសា​ស្ត្រ​អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដើម្បីអនុវត្តន៍វិមជ្ឈការ និងវិសហមជ្ឈការ និងការសម្រេច​ចិត្ត​លើការស្នើសុំធ្វើវិនិយោគ ដែលបានកំណត់ដោយច្បាប់ស្តីពីការ គ្រប់គ្រង​រដ្ឋបាល រា​ជ​ធា​នី​ ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ទន្ទឹមនេះ ដៃគូអភិវឌ្ឍន៍ ទាំងពហុភាគី និង ទ្វេភាគី ព្រមទាំងអង្គការមិនមែន​រ​ដ្ឋា​ភិបាល ត្រូវបន្តធានាថា ក្របខ័ណ្ឌនៃជំនួយសម្រាប់​ការអភិវឌ្ឍរបស់ខ្លួន បានតម្រឹម និងត​ម្រង់ទិសដៅចំជាមួយនឹងឤទិភាពទាំងឡាយនៃ ផែន​ការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២​០​២៣ ហើយហិរញ្ញប្បទានអភិវឌ្ឍន៍ត្រូវបានតម្រឹម​ជាមួយនឹងកម្មវិធីវិនិយោគសា​ធារណៈផង​ដែ​រ។ សម្ដេចតេជោបានលើកឡើងថា ដៃគូ​អភិវឌ្ឍន៍ទាំងអស់ ត្រូវធានាថា ធនធានទាំងឡាយ ដែលត្រូវ​ផ្តល់ទៅអង្គការមិន​មែន​រដ្ឋា​ភិបាល ត្រូវសមស្របទៅនឹងឤទិភាព និងគោលដៅអភិវឌ្ឍន៍ ដូចមានចែងក្នុងផែនការ​យុ​ទ្ធ​សាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ហើយធនធានទាំងនោះ ត្រូវបានយកទៅប្រើប្រាស់​ប្រ​កប​​ដោយតម្លាភាព និងការទទួលខុសត្រូវ ។  ចំពោះក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍទាំងអស់ ដែល​កំ​​ពុងផ្តល់ហិរញ្ញប្បទានដល់សកម្មភាព កម្មវិធីគម្រោងនានា ត្រូវត្រូតពិនិត្យ និងវា​យ​តម្លៃ​យ៉ា​ងទៀតទាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការអនុវត្តផែនការសកម្មភាពកម្មវិធី គ​ម្រោង​ទាំងនោះ ហើយត្រូវផ្ញើរបាយការណ៍ស្តីពីលទ្ធផលនៃការតាមដានត្រួតពិនិត្យ និង វាយ​តម្លៃ​ មកក្រសួងផែនការ ដើម្បីដាក់បញ្ចូលទៅក្នុងការវាយតម្លៃស្តីពីវឌ្ឍនភាព ក្នុងការស​ម្រេច​បា​នគោលដៅ និងចំណុចដៅនៃការអភិវឌ្ឍ ដែលមានចែងក្នុងផែនការយុទ្ធ​សាស្ត្រ​អភិ​វឌ្ឍន៍​ជាតិ​ ២០១៩-២០២៣ ។

គួរបញ្ជាក់ដែរថា ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ត្រូវបានរៀប​ចំ​ឡើងជាប្រាំពីរជំពូក ដែលជំពូកទី២  បង្ហាញពីសមិទ្ធផលជារួមនៃការអនុវត្ត «ផែនការយុទ្ធ​សា​ស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨» និងបញ្ហាប្រឈមនានាដែលបានជួបប្រទះ ក្នុង​អំ​ឡុ​ង​​ពេលនៃ​ការអនុវត្តផែនការនេះ។ រហូតមកដល់ចប់អាណត្តិកាលនៃ «ផែនការយុទ្ធសា​ស្ដ្រ​អភិ​វឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» ស្ថិរភាពនយោបាយ ការអនុវត្តកំណែទម្រង់ស្ទើរ​តែគ្រប់​វិស័​យ​ និងការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បានបង្កើតឱ្យមាន​បរិស្ថាន​អនុ​គ្រោះ​ក្នុង​ការទាក់ទាញ ការវិនិយោគ ទាំងពីក្នុងស្រុកនិងពីបរទេស។ ជំពូកទី៣  បង្ហាញពីការវិភាគ​ពី​ស្ថា​នភាពរួមនៃដំណើរវិវឌ្ឍន៍របស់ម៉ាក្រូសេដ្ឋកិច្ច និងដំណើរ ការនៃការគ្រប់គ្រងម៉ា​ក្រូសេ​ដ្ឋ​កិច្ច​​នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយរំលចឡើងអំពីរចនាសម្ព័ន្ធនៃផលិត ផលក្នុងស្រុកសរុប ស្ថាន​ភាពសារពើពន្ធ និងអតិផរណា ភាពបើកចំហនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជញ្ជីងពាណិ​ជ្ជ​ក​ម្ម ព្រមទាំងភាពក្រីក្រនិងភាពមានការងារធ្វើ។ ក្នុងជំពូកនេះ បានធ្វើការប៉ាន់ស្មាន តម្លៃ​ ស​រុ​ប​សម្រាប់រយៈពេល៥ឆ្នាំសម្រាប់ផែនការទាំងមូល គឺ៥៩.៩ប៊ីលានដុល្លារអាម៉េរិក សម​មូល ២៤៥.៥៧៥ប៊ីលានរៀល។ ចំពោះជំពូកទី៥ ក៏បានបង្ហាញពីការប៉ាន់ស្មាននៃតម្រូវការធន​ធានវិនិយោគសម្រាប់ការធ្វើឱ្យសម្រេចបាននូវចំណុចដៅទាំងឡាយរបស់ «ផែនការយុទ្ធ​សាស្ដ្រ​អភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣»។ ផែនការនេះ បានធ្វើចំណោលអំពីតម្រូវការធន​ធាន​​សម្រាប់ដំណាក់កាល៥ឆ្នាំ (២០១៩-២០២៣) ដោយមានការស្នើឡើងនូវប្រភពហិរញ្ញប្ប​ទានដោយធនធានក្នុងស្រុក និងធនធានក្រៅប្រទេស ព្រមទាំងវិនិយោគមូលធនរបស់​វិស័យសាធារណៈ និងឯកជន។ តម្លៃប៉ាន់ស្មានសរុបសម្រាប់រយៈពេល៥ឆ្នាំនេះ គឺ ៥៩.៩ប៊ីលាន​ដុល្លារអាម៉េរិក សមមូល ២៤៥.៥៧៥ប៊ីលានរៀលក្នុងនោះ  វិនិយោគ​មូលធនរបស់វិស័យឯកជន មានចំនួន ៤៣.៤ប៊ីលានដុល្លារអាម៉េរិក សមមូល ១៧៨.០៩៦​ប៊ីលានរៀល ស្មើនឹង ៧២.៥ភាគរយ នៃទុនវិនិយោគសរុប និង វិនិយោគមូលធននៃ​វិស័យ​សាធារណៈ មានចំនួន ១៦.៤ប៊ីលានដុល្លារអាម៉េរិក សមមូល ៦៧.៤៧៩ប៊ីលានរៀល ស្មើនឹង ២៧.៥ភាគរយនៃទុនវិនិយោគសរុប៕

ដោយ ជឹម ណរី