Connect with us
[better-ads type='banner' banner='357920' ]

អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា

ប្រេសិតសហរដ្ឋអាមេរិកសម្រាប់ប្រទេសកូរ៉េខាងជើង ធ្វើដំណើរទៅទីក្រុងមូស្គូ ​ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងការរំសាយអាវុធនុយក្លេអ៊ែរ

Published

on

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃពុធនេះថា បេសកជន​ពិសេស​របស់អាម៉េរិកសម្រាប់ប្រទេសកូរ៉េខាងជើងលោក ម៉ាក ឡាំប៊ឺក (Mark Lambert) កំពុងធ្វើ​ដំណើរ​ទៅ​កាន់ទីក្រុងមូស្គូនៅ សប្តាហ៍នេះ ដើម្បីជួបជាមួយមន្រ្តីរុស្ស៊ី នឹងពិភាក្សាគ្នាអំពីកិច្ច​ខិតខំប្រឹងប្រែងក្នុងការរុះរើកម្មវិធីអាវុធ នុយក្លេអ៊ែររបស់កូរ៉េខាងជើង។

អ្នកនាំពាក្យរបស់ក្រសួងបានឱ្យដឹងថា លោក ឡាំប៊ឺត នឹងធ្វើទស្សនកិច្ចនៅរដ្ឋធានីរុស្ស៊ី​ចាប់ពីថ្ងៃពុធដល់ថ្ងៃសៅរ៍ ហើយក៏នឹងចូលរួមក្នុងសន្និសីទក្រុងមូស្គូផងដែរ​ក្នុងកំឡុងពេល​ស្នាក់នៅនេះ។

ការចូលរួមរបស់លោក ឡាំបឺក ត្រូវបានគេរាយការណ៍កាលពីមុននេះ ​ដែលជំរុញឱ្យមាន​ការរំពឹងទុកនៃកិច្ចប្រជុំដែលអាចកើតមានរវាងមន្ត្រីអាម៉េរិក និងអ្នកការទូតកូរ៉េខាងជើងម្នាក់​ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។

លោក ចូ ចុល-ស៊ូ (Jo Chol-su) អគ្គនាយកការិយាល័យកិច្ចការអាម៉េរិក​ខាងជើង​នៅឯក្រសួងការបរទេសកូរ៉េខាងជើងបានមកដល់ទីក្រុងមូស្គូកាលពីថ្ងៃអង្គារ មុនពេលបើក​សន្និសីទដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ។

អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា លោក​ ឡាំបឺក ​នឹងជួបប្រជុំជាមួយមន្រ្តីរុស្ស៊ី ដើម្បីពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងក្នុងការធ្វើឱ្យសម្រេច​បាន​នូវការផ្តាច់​អាវុធនុយក្លេអ៊ែរចុងក្រោយរបស់កូរ៉េខាងជើង។ លោកក៏នឹងជួបប្រជុំជាមួយ​អ្នកជំនាញ​ផ្នែកប្រធានបទនេះ ហើយនឹងចូលរួមសន្និសីទ  « ការធ្វើមិនឱ្យរីកសាយភាយ​ទីក្រុង​មូស្គូ » ផងដែរ។

ការប្រជុំរវាងលោក ឡាំប៊ឺក និងលោក ចូ ​នឹងត្រូវធ្វើឡើងចំពេលដែលភាគីទាំងពីរ មាន​ការ​រីកចម្រើនតិចតួចក្នុងកិច្ចចរចាទ្វេភាគីរបស់ពួកគេ ស្តីពីការរុះរើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េ​ខាងជើង ​ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម និងការធានាសន្តិសុខរបស់សហរដ្ឋអាមេរិក៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន