Connect with us
[better-ads type='banner' banner='357920' ]

អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា

បណ្តាអ្នកជំនាញការបរទេសរិះគន់ចំពោះសកម្មភាព របស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង

Published

on

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩​ — បណ្តាអ្នកជំនាញការបរទេសនាំមុខគេបានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះសកម្មភាពថ្មីៗរបស់ប្រទេសចិននៅតំបន់សមុទ្រចិនខាងត្បូង ដែលត្រូវបានគេហៅថា សមុទ្រខាងកើតនៅក្នុងប្រទេស វៀតណាម ខណៈដែលបានថ្លែងនៅក្នុងសន្និសីទអន្តរជាតិសមុទ្រចិនខាងត្បូងលើកទី១១ ដែលកំពុងធ្វើឡើងនៅទីក្រុងហាណូយ។

ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គលើកដំបូងក្រោមប្រធានបទ «កិច្ចការរដ្ឋសមុទ្រចិនខាងត្បូង៖ ការគំរាមកំហែង ហានិភ័យ និងឱកាស» លោក Greg Poling នាយកស្ថាប័នគំនិតផ្តួចផ្តើមតម្លាភាពសមុទ្រអាស៊ីនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា ការអភិវឌ្ឍដ៏សំខាន់បំផុតនៅក្នុងសមុទ្រចិនខាងត្បូងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ គឺជាកំណើននៃចំនួនកងឆ្មាំសមុទ្រចិន និងនាវាកងជីវពលសមុទ្រដែលចិនបានដាក់ពង្រាយទៅកាន់ប្រជុំកោះ Spratly ។

លោកបាននិយាយថា នាវាទាំងនេះកំពុងល្បាតគ្រប់ផ្នែកនៃបន្ទាត់ដាច់ៗទាំង ៩ ជាប្រចាំ នឹងកំពុងមានសកម្មភាពឈ្លានពានកាន់តែខ្លាំងឡើង ក្នុងការរំខានដល់សកម្មភាពរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលរួមមានការងារប្រេង និងឧស្ម័ន ការនេសាទ និងកន្លែងឈរជើងរបស់ពួកគេ។

លោកបានសង្កត់ធ្ងន់ថា «ប្រសិនបើស្ថានភាពនេះនៅតែបន្តទៀត វានឹងមានហានិភ័យខ្លាំងណាស់សម្រាប់គ្រប់គ្នានៅក្នុងតំបន់ ក្នុងការចូលរួមសកម្មភាពធម្មតាណាមួយដោយគ្មានការចូលរួមពីចិន»។

នៅក្នុងសម័យប្រជុំនោះ ប្រតិភូបានកំណត់ការគំរាមកំហែង ហានិភ័យ និងឱកាសនានា នៅសមុទ្រចិនខាងត្បូងទាក់ទងនិងសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ជាពិសេសពួកគេក៏បានវាយតម្លៃអំពីអាកប្បកិរិយា នឹងសកម្មភាពនានាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះរបស់ភាគីទាំងអស់ដែលពាក់ព័ន្ធ និងថាតើវានឹងប៉ះពាល់ដល់ទំនាក់ទំនងអន្តររដ្ឋ និងនាវាចម្បាំងយុទ្ធសាស្ត្រនៅតាមផ្លូវទឹកនៃសារៈសំខាន់ជាយុទ្ធសាស្ត្រយ៉ាងដូចម្តេច។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត Nicola Casarini មកពីស្ថាប័ន Istituto Affari Internazionali នៃប្រទេសអ៊ីតាលី បាននិយាយនៅក្នុងសម័យប្រជុំពេញអង្គលើកទី ២ ស្តីពី «សមុទ្រចិនខាងត្បូងក្នុងការប្រកួតទស្សនវិស័យ» ថា ទីក្រុងប៉េកាំងបន្តប្រឆាំងនឹងបទបញ្ជាផ្អែកលើច្បាប់នៅក្នុងតំបន់ ដោយការកសាងកោះសិប្បនិម្មិតដែលមានទីតាំងយោធា និងប្រព័ន្ធអាវុធ ការខួងយកប្រេង និងឧស្ម័ន ព្រមទាំងបានដេញនាវានេសាទរបស់ប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ ចេញពីដែនទឹកដែលពួកគេមានសិទ្ធិនេសាទស្របតាម       អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន