ក្រុមអ្នកសារព័ត៌មានវ័យក្មេងនិងយុវជនកម្ពុជា វៀតណាមចែករំលែកបទពិសោធន៍ដើម្បីជំរុញទំនាក់ទំនងមិត្តភាកម្ពុជា វៀតណាមអោយកាន់តែស្អិតល្មួត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ក្រុមអ្នកសារព័ត៌មានវ័យក្មេងនិងយុវជនកម្ពុជា វៀតណាមរួមពិភាក្សានិងចែករំលែកបទពិសោធន៍ ដើម្បីឆ្ពោះទៅការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា វៀតណាមអោយកាន់តែស្អិតល្មួត បម្រើផលប្រយោជន៍ប្រជាជាតិទាំងសងខាង។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហូជីមិញប្រទេសវៀតណាមនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ ក្រុមប្រតិភូអ្នកសារព័ត៌មានជាមន្រ្តីព័ត៌មាននៃក្រសួងព័ត៌មានជិត៣០រូបនិងយុវជន និស្សិតប្រមាណ៦០រូបផ្សេងទៀតមកពីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ជាមួយក្រុមអ្នកសារព័ត៌មាននិងយុវជនវៀតណាម ដើម្បីស្វែងរកគន្លឹះសំខាន់ៗដ៏មានប្រសិទ្ធភាពនៃការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែល្អជាប្រពៃរវាងកម្ពុជា និងវៀតណាម។

ឯកឧត្តមលី វាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងព័ត៌មានកម្ពុជាបានអោយដឹងថា កម្មវិធីផ្លាស់ប្ដូរដំណើរទស្សនកិច្ចអ្នកសារព័ត៌មានក៏ដូចជាការរៀបចំជំនួបអ្នកកាសែតវ័យក្មេងនៅពេលនេះក្ដី គឺពិតជាសកម្មភាពដ៏ល្អប្រសើរ និងសមស្រប ដើម្បីឲ្យអ្នកកាសែតវ័យក្មេងនិងយុវជនជំនាន់ក្រោយ បានរៀនសូត្របន្តនូវទំនាក់ទំនងល្អកិច្ច សហប្រតិបត្តិការល្អជាប្រពៃណីរវាងប្រទេសភូមិផងរបងជាមួយកម្ពុជា-វៀតណាម ហើយកាលណាមានទំនាក់ទំនងល្អរវាងប្រទេសជិតខាង ពិសេសក្នុងវិស័យព័ត៌មាននេះគឺអាចចែករំលែកព័ត៌មានឲ្យគ្នាទៅវិញទៅមក កាន់មានភាពងាយស្រួយ និងលឿនរហ័ស។ ឯកឧត្តមបានចាត់ទុកថា អ្នកសារព័ត៌មានមានតួនាទីដ៏សំខាន់តាមរយៈការសរសេរ អត្ថបទព័ត៌មានរបស់ខ្លួនក្នុងការពន្យល់បកស្រាយ បំភ្លឺដល់មិត្តអ្នកអាន អ្នកស្ដាប់ អ្នកមើលឲ្យឃើញស្ថានភាពមានភាពល្អប្រសើរ និងមិនមានបញ្ហាធ្ងន់ធ្ងរណាមួយកើតមានដូចការ បំផុសបំភាន់របស់ជនអគតិលើកឡើងខុសពីការពិត ដើម្បីធានាបានផលប្រយោជន៍សង្គម និងទំនាក់ទំនងជាមួយប្រទេសជិតខាង ។
ឯកឧត្តម ហ័ង វិញបាវ (Hoang Vinh Bao) អនុរដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ
នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអោយដឹងថា កម្មវិធីជួបជុំជាមិត្តភាព និងផ្លាស់ប្ដូរបទពិសោធន៍ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យព័ត៌មាន វប្បធម៌ អប់រំ រវាងភាគីទាំងពីរកម្ពុជា-វៀតណាម នេះ ស្របពេលដែលប្រទេសយើងទាំងពីរកំពុងអបអរសាទរខួបលើកទី ៥២ ឆ្នាំនៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា- វៀតណាម។ ឯកឧត្តមបានបន្ថែមថា ភាគីកម្ពុជា-វៀតណាម នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានអោយកាន់តែល្អបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងដល់អ្នសារព័ត៌មាននិងការផ្លាស់ព័ត៌មានអោយគ្នាទៅវិញទៅមកដែលជួយជំរុញការពង្រីកទំនាក់ទំនងមិត្តភាពរវាងកម្ពុជា វៀតណាម។

សូមបញ្ជាក់ថា នៅពេលដ៏ខ្លីខាងមុខនេះ គណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជាមួយក្រុមរួមមាន ១០រូប នឹងបន្តអញ្ចើញ មកទស្សនកិច្ចស្វែងយល់អំពីប្រទេសវៀតណាមបន្ថែមទៀតចាប់ពីថ្ងៃទី ១៧ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ វប្បធម៌ ប្រពៃណីរបស់ប្រជាជននៃប្រទេសវៀតណាម និងសរសេរព័ត៌មានដើម្បីផ្សព្វផ្សាយនូវចំនុចវិជ្ជមានឲ្យប្រជាជននៃប្រទេសទាំងពីរបានជ្រាប ក្រោមខ្លឹមសារនៃអនុសារណៈរបស់គណៈកម្មការចំរុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស កម្ពុជាវៀតណាម។