ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋកុំមានការភ័យខ្លាចនៅថ្ងៃទី៩ ខែវិច្ឆិកា

វិទ្យុជាតិកម្ពុជា៖ ដោយ ផន វាសនា៖

សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសប្បាយរីករាយក្នុងព្រះរាជពិធី បុណ្យអុំទូកទាំងអស់គ្នា សូមកុំមានការភ័យខ្លាចចំពោះសុវត្ថិភាព។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី៧ ខែវិច្ឆិកានេះ ខណៈដែលប្រជាពលរដ្ឋមួយចំនួនមានការភ័យខ្លាចចំពោះសុវត្ថិភាព បានឲ្យកូនដែលបំរើការងារនៅរាជធានីភ្នំពេញត្រឡប់ទៅផ្ទះនៅថ្ងៃឈប់សំរាក បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ស្របពេលដែលទណ្ឌិត សម រង្ស៊ី ប្រកាសចូលស្រុកវិញនៅថ្ងៃ ៩ វិច្ឆិកា។ សម្តេចតេជោ បញ្ជាក់ថា គ្មានការវាយប្រហារគ្នានៅកណ្តាលរាជធានីភ្នំពេញទេ ប្រើសិនបើត្រូវធ្វើសកម្មភាព គេធ្វើតែចំពោះមុខសញ្ញា៩នាក់តែប៉ុណ្ណោះ ប៉ុន្តែមិនមានបញ្ហាណាមួយកើតឡើងនោះទេ ព្រោះមុខ សញ្ញាដែលប្រកាសវិលចូលសុ្រកថ្ងៃទី៩ វិច្ឆិកា បានពន្យាសំបុត្រយន្តហោះហើយ។ជាមួយគ្នានេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ានដែលរួមសហការជាមួយកម្ពុជា ក្នុងការទប់ស្កាត់បញ្ហានេះ។