គណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ រៀបចំពិធីសែនក្រុងពលីសុំសេចក្តីសុខឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី៖


គណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ បានរៀបចំពិធីសែនក្រុងពលី ដើម្បីសុំសេចក្តីសុខពីម្ចាស់ទឹក ម្ចាស់ដី សម្រាប់ឱកាសកម្ពុជាប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ។
ពិធីសែនក្រុងពលី ដែលធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ មានវត្តមានឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃនិងជាអគ្គលេខាធិការគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ ឯកឧត្តម លោកជំទាវ តាមបណ្តាអង្គភាពពាក់ពន្ធ័ដែលត្រូវចូលរួមបំរើការងារក្នុងព្រះរាជពិធីនេះ។
សូមបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១០-១១-១២ ខែវិច្ឆិកា នៅតាមដងទន្លេសាប ចតុមុខ មុខព្រះបរុមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងមានទូកចូលរួមប្រកួតចំនួន២៩៧ទូកជាមួយក្រុមកីឡាករ កីឡាការិនីបរិមាណជាង១ម៉ឺន៩ពាន់នាក់ និងការតាំងលម្អប្រទីបរបស់ស្ថាប័នកំពូលៗ ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយការរំពឹងថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង៦លាននាក់៕