សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣»

វិទ្យុជាតិកម្ពុជា៖ ដោយលោក ជៀងយ៉ារ៉េត៖

នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣» ដែលប្រារព្ធធ្វើនៅ​សណ្ឋា​គារ​សុខាភ្នំពេញ។
នៅក្នុងសុន្ទរកថាស្វាគមន៍និងរបាយការណ៍ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតឆាយ ថន ទេសរដ្ឋ មន្ត្រី រដ្ឋមន្រ្តីក្រសួងផែនការ បានឲ្យដឹងថា «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» ត្រូវបានរៀប ចំឡើងបន្តពី «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨» ដែលត្រូវបានចប់អាណត្តិកាលនាចុងឆ្នាំ២០១៨ ក្នុងនីតិកាលទី៥នៃរដ្ឋស ភា។ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣» ដែលជាផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចលើកទី៦ នេះ ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់នីតិកាលទី៦នៃរដ្ឋសភាដែលបានកើតមានឡើងដោយកិច្ចខិតខំប្រឹងប្រែងរួម គ្នារៀបចំរបស់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការចូលរួមសហការ និងផ្ដល់អនុសាសន៍ពីដៃគូអភិវឌ្ឍ និងភាគីដែលមានចំណែកពាក់ព័ន្ធទាំងអស់តាមរយៈសិក្ខាសាលា ក៏ដូចជាអង្គប្រជុំនានាជាច្រើនលើកច្រើនសារនាពេលកន្លងមក។
ឯកឧត្តមបញ្ជាក់ថា «ផែនការយុទ្ធសាស្ដ្រអភិ វឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណ ត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ និងចក្ខុវិស័យកម្ពុជា ២០៣០ ជាប្រទេសមានចំណូ លមធ្យមកម្រិតខ្ពស់ និង២០៥០ ជាប្រទេសអភិវឌ្ឍន៍ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន បានឱ្យដឹងទៀតថា «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣»នេះ ត្រូវបានរៀបចំឡើងដើម្បីសម្រេចនូវវត្ថុបំណងសំខាន់ចំនួន៣រួមមាន៖ទី១៖ ដើម្បីវាយតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្ដផ.យ.អ.ជ. ២០១៤-២០១៨ ក្នុងអាណត្តិកាលរបស់ផែនការនេះទាំងមូល ពីឆ្នាំ ២០១៤ ដល់ ឆ្នាំ២០១៨។
ទី២៖ ដើម្បីកំណត់នូវបណ្តាវិធានការគោល នយោបាយនានាដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់ការអនុវត្ដគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា និង គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា តាមវិស័យ នៅក្នុងដំណាក់កាលនៃអាណត្តិកាលរបស់ផែនការ ដើម្បីស្ថិរភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវ ភាពរស់នៅរបស់ប្រជាជនកម្ពុជា និងឆ្ពោះទៅសម្រេចបាននូវស្ថានភាពនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ (ប្រទេសអភិវឌ្ឍន៍) នៅឆ្នាំ២០៥០។
ទី៣៖ ដើម្បីដាក់ចេញនូវប្រព័ន្ធមួយសម្រាប់តាម ដានត្រួតពិនិត្យនិងវាយតម្លៃប្រចាំឆ្នាំនៃការអនុវត្ត «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩- ២០២៣» របស់ក្រសួង ស្ថាប័ននានា។
«ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩ -២០២៣» ត្រូវបានរៀបចំឡើងជាប្រាំពីរជំពូក។ជំពូកទី១៖ ជាការបង្ហាញអំពីប្រវត្តិនិងទិដ្ឋ ភាពរួមនៃការវិវឌ្ឍ និងជោគជ័យក្នុងការអនុវត្ដគោលន យោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ផ្សារភ្ជាប់ទៅនឹងប្រវត្ដិនៃការរៀបចំផែនការអភិវឌ្ឍន៍ជាតិ។ ជំពូកទី២៖ បង្ហាញពីសមិទ្ធផលជារួមនៃការអនុ វត្ត «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤ -២០១៨»និងបញ្ហាប្រឈមនានាដែលបានជួបប្រ ទះក្នុងអំឡុងពេល នៃការអនុវត្តផែនការនេះរហូតមកដល់ចប់អាណត្តិកាលនៃ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩- ២០២៣» ។ជំពូកទី៣៖ បង្ហាញពីការវិភាគពីស្ថានភាពរួមនៃដំណើរវិវឌ្ឍន៍របស់ម៉ាក្រូសេដ្ឋកិច្ច និងដំណើរ ការនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនៅក្នុងសេដ្ឋកិច្ចកម្ពុជា ។ជំពូកទី៤៖ ជាជំពូកសំខាន់របស់ផែនការ ដែលអត្ថាធិប្បាយអំពីបណ្តាសកម្មភាពកម្មវិធី និង គម្រោងនានា ដើម្បីអនុវត្តគោលនយោបាយគន្លឹះនិងអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៦នៃរដ្ឋសភា(២០១៨- ២០២៣)ក្នុងដំណោះស្រាយចំពោះបញ្ហាប្រឈមនានា។ ជំពូកទី៥៖ ជំពូកនេះបង្ហាញពីការប៉ាន់ស្មា ននៃតម្រូវការធនធានវិនិយោគសម្រាប់ការធ្វើឱ្យសម្រេចបាននូវចំណុចដៅទាំងឡាយរបស់ «ផែន ការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» ។
ជំពូកទី៦៖ ជាការបង្ហាញពីក្របខ័ណ្ឌនៃការតាម ដានត្រួតពិនិត្យនិងវាយតម្លៃ ដោយផ្អែកលើមូល ដ្ឋានលទ្ធផលនៃការអនុវត្តផ.យ.អ.ជ. ២០១៩- ២០២៣។ បញ្ជីសូចនាករសម្រាប់តាមដាន ត្រួត ពិនិត្យនិងវាយតម្លៃការអនុវត្ត«ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩ -២០២៣» ក៏ត្រូវបានបង្ហាញនៅក្នុងជំពូកនេះដែរ។ ជំពូកទី៧៖ ជាបង្ហាញនូវសេចក្តីសន្និដ្ឋានរួមយ៉ាងទូលំទូលា យមួយលើផែនការទាំងមូល។