ក្រសួងទេសចរណ៍បដិសេធចំពោះការលើកឡើងថាចំនួនភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ ក្នុងឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា៖លោកចេម ហួត
ភ្នំពេញ៖ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ជុក ជំនោរ នាព្រឹកថ្ងៃទី៦ វិច្ឆិកា បានបដិសេធចំពោះការលើកឡើងថាចំនួនភ្ញៀវទេសចរអន្តជាតិ មានការធ្លាក់ចុះក្នុងឆ្នាំ២០១៩នេះ។លោកថានេះជាដំណឹងដែលខុសឆ្គង ព្រោះតាមពិតទៅភ្ញៀវទេសចរ អន្តរជាតិមានការកើនឡើង ដោយគិត ត្រឹម រយៈពេល ៩ខែ ឆ្នាំ២០១៩ នេះ យើងទទួលបានភ្ញៀវទេសចរបរទេសប្រមាណជាង ៤លាន ៨សែននាក់ ជាមួយនឹងកំណើន ១០%។
ក្នុងសិក្ខាសាលាបូកសរុបការងារប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី៣ឆ្នាំ២០១៩ លោក ជុក ជំនោរ បានអះអាងថា ថ្វីដ្បិតតែសៀមរាបអង្គរមានការធ្លាក់ចុះនៃចំនួន ភ្ញៀទេសចរអន្តរជាតិបន្តិចក៏ពិតមែន តែមិនមានន័យថា នៅទូទាំងប្រទេសកម្ពុជាមានការធ្លាក់ចំនួនភ្ញៀវ ទេសចរអន្តរជាតិនោះទេ តែផ្ទុយទៅវិញគឺមានការកើនឡើង។លោកបានបន្តថា ជារួមគិតចាប់តាំងពីឆ្នាំ១៩៩៣មក ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាមានការធ្លាក់ ចុះចំនួន២លើក គឺក្នុងឆ្នាំ១៩៩៧ និងនៅឆ្នាំ២០០៣ ដោយក្នុងឆ្នាំ១៩៩៧ ពាក់ព័ន្ធនឹងវិបត្តិអចលនទ្រព្យ នៅអាស៊ី និងឆ្នាំ២០០៣ ពាក់ព័ន្ធនឹងបញ្ហាជំងឺសា ដោយឡែកសម្រាប់ឆ្នាំ២០០៨ នៅពេលដែលមានវិបត្តិសេដ្ឋកិច្ចពិភពលោក ទេសចរអន្តរជាតិមកកម្ពុជា គឺពុំមានការធ្លាក់ចុះនោះទេ។
ពាក់ព័ន្ធទៅនឹងការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិនៅខេត្តសៀមរាបសម្រាប់ឆ្នាំ២០១៩នេះ លោក ជុក ជំនោរ បានគូសបញ្ជាក់ថា ក្រសួងទេសចណ៍ និងគ្រប់ភាគីពាក់ព័ន្ធបានប្រជុំគ្នាដើម្បីធ្វើការ ដោះស្រាយបញ្ហានេះ ជាពិសេសរាជរដ្ឋាភិបាលបានប្រគល់ជូនក្រសូងទេសចរណ៍ក្នុងការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្តសៀមរាបនេះ៕