វិស័យឯកជនចូលរួមផ្តល់ឱកាសឲ្យសិស្សនៅកម្រិតមធ្យមសិក្សាទទួលបានការសិក្សានៅបរទេស

វិទ្យុជាតិកម្ពុជា អត្ថបទ៖ វ៉ាង ភក្តី ០៦ ១១ ២០១៩៖

 វិស័យឯកជនចូលរួមផ្តល់ឱកាសឲ្យសិស្សនៅកម្រិតមធ្យមសិក្សានៅកម្ពុជាទទួលបានការសិក្សានៅបរទេសដែលនឹងជួយបង្កើនធនធានមនុស្សសម្រាប់ការអភិវឌ្ឍនៅកម្ពុជាក្នុងយុគសម័យឧស្សាហកម្ម៤.០។
អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីបអាមេរិកាំង បានឲ្យដឹងថា ភ្នាក់ងារជួយផ្តល់សេវាផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយភ្នាក់ងារជួយផ្តល់សេវាផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យបរទេសមួយដែលជួយឲ្យសិស្សានុសិស្សកម្រិតមធ្យមសិក្សានេះទទួលបានឱកាសទៅបំពេញទស្សនកិច្ចសិក្សា ស្វែងយល់ពីវប្បធម៌ផ្លាស់ប្តូរបទពិសោធន៍លើកម្មវិធីសិក្សា និងបង្កើនជំនាញភាសាអង់គ្លេសនៅប្រទេសចំនួន៥៥ប្រទេស ក្រោយពីពួកគេត្រូវបានផ្តល់អាហារូបករណ៍ និងវាយតម្លៃថា ស្ថិតក្នុងចំណាត់ថ្នាក់ជាសិស្សពូកែ ជាមួយនឹងភាសាអង់គ្លេស។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងក្រុមហ៊ុនផ្តល់សេវាផ្លាស់ប្តូរវប្បធម៌អន្តរជាតិ ហៅកាត់ ICES នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះ លោកបានបញ្ជាក់ថា សិស្សានុសិស្សដែលរៀននៅថ្នាក់ទី១០ និងទី១១ អាចទៅបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីវប្បធម៌ និងផ្លាស់ប្តូរបទពិសោធន៍លើកម្មវិធីសិក្សារយៈពេល១ឆ្នាំ នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី ជប៉ុន អីតាលី បារាំង អាល្លឺម៉ង់ ហូឡង់ ថៃ និងប្រទេសដទៃទៀត ដើម្បីបង្កើនបំណិនជីវិត និងចាប់យកជំនាញវិជ្ជាជីៈ សម្រាប់មកជួយអភិវឌ្ឍន៍នៅកម្ពុជានៅពេលអនាគត។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រចំពោះការផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់សិស្សាកម្រិតមធ្យមសិក្សានៅក្រៅប្រទេសនេះដោយលោកថា វាជាការជំរុញការយល់ដឹងទាំងផ្នែកចំណេះដឹង វប្បធម៌ សង្គមនិងការទទួលបានបទពិសោធន៍ល្អៗដល់សិស្ស។ លោកមានប្រសាសន៍ថា «ក្រសួងអប់រំ យុវជន និង កីឡា ស្វាគមន៍កិច្ចសហការណ៍វិជ្ជមានពីគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមចំណែកការងារកំណែទម្រង់អប់រំ យុវជន និងកីឡា។ វិស័យឯកជន មានតួនាទីសំខាន់មួយ ក្នុងការចូលរួមលើកកម្ពស់គុណភាពអប់រំគ្រប់កម្រិតសិក្សា។ ក្នុងចំណោមកម្មវិធីពង្រឹងសមត្ថភាពសិស្ស-និស្សិតផ្សេងៗ ក្រសួងអប់រំ យុវជន និង កីឡាបាននឹងកំពុងបន្តផ្តល់ឱកាសផ្លាស់ប្តូរវប្បធម៌ បទពិសោធន៍សិក្សា ស្រាវជ្រាវ និងអាហារូបករណ៍កម្រិតជាតិ តំបន់ និងអន្តរជាតិ។ ក្នុងន័យនេះ សិស្ស-និស្សិតអាចពង្រឹងជំនាញសតវត្សទី២១ និងជំនាញឯកទេសរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សចូលរួមអភិវឌ្ឍន៍សង្គម វប្បធម៌ សេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្លើយតបទៅនឹងចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។»

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែលើកទឹកចិត្តដល់យុវជនដែលស្ថិតក្នុងវ័យសិក្សាឲ្យទទួលបានឱកាសទៅសិក្សា ឬទស្សនកិច្ចសិក្សានៅប្រទេសដែលមានការអភិវឌ្ឍជឿនលឿន តាមរយៈកម្មវិធីផ្តល់អាហារូបករណ៍ ដំណើរទស្សនកិច្ចតាមនាវាយុវជនអាស៊ាន កម្មវិធីបណ្តាញផ្លាស់ប្តូរសិស្សនិស្សិត និងយុវជន រវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ជាដើមនេះ ក្នុងគោលបំណងជំរុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមយុវជនកម្ពុជាជាមួយ និងយុវជននៃបណ្តាប្រទេសចូលរួម ដើម្បីចែករំលែក និងទទួលយកនូវបទពិសោធន៍ឲ្យកាន់តែទូលំទូលាយ៕