សម្តេចតេជោ បញ្ជាក់ថា ការបង្ការទប់ស្កាត់ បង្ក្រាប និងផ្តន្ទាទោស អំពើជួញដូរមនុស្ស គឺជាគោលនយោបាយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ការបង្ការទប់ស្កាត់ បង្ក្រាប និងផ្តន្ទាទោស «អំពើជួញដូរមនុស្ស» គឺជាគោលនយោ បាយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់និងបានអនុវត្តកន្លងមក តាមរយៈការផ្សព្វផ្សាយគ្រប់ទម្រង់នៃ«អំពើជួញដូវមនុស្ស » តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន – ចិន លើកទី ១២ក្រោមប្រធានបទ«តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់ នៅខេត្តសៀមរាប នៅថ្ងៃទី៦ ខែវិច្ឆិកា នេះ សម្តេច តេជោ បានបន្ថែមថា ជាក់ស្តែងរាជរដ្ឋាភិបាលបានប្រារព្ធទិវាប្រឆាំងអំពើជួញដូរមនុស្សនៅឆ្នាំ ២០១៨ កន្លងមក ដោយមានអ្នកចូលរួមប្រមាណ ៣០០០អង្គ/នាក់ ដែលជាថ្នាក់ដឹកនាំកំពូលសំខាន់ៗ ក្នុងស្ថាប័ននីតិប្បញ្ញ ត្តិនីតិប្រតិបត្តិ តុលាការ អង្គទូតនានានៅកម្ពុជារួមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តំណាងសាសនានិយោជិត កម្មករ និយោជក សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និស្សិតសិស្សានុសិស្ស និងប្រជាពលរដ្ឋ ។ ជាមួយនេះ រាជរដ្ឋាភិបាលបានធ្វើកិច្ចសហប្រតិ បត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការជាតិ-អន្តរជាតិនានា និងទូរទស្សន៏ បង្កើតឱ្យមានជាឃ្លីបវីឌីអូ និងបទយកការណ៍ ដើម្បីបង្ហាញឱ្យប្រជាជនគ្រប់ស្រទាប់យល់ដឹងនូវអំពើជួញដូរមនុស្សជាមួយនឹងការបង្កើតនូវយន្តការផ្សព្វផ្សាយជាប្រចាំឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។