លោក មូន ជួបប្រជុំជាមួយបណ្តាប្រធានទីភ្នាក់ងារសារព័ត៌មាន នៅអាស៊ីប៉ាស៊ីហ្វិកក្នុងសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩​ — កាលពីថ្ងៃអង្គារ មន្រ្តីរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in គ្រោងនឹងជួបប្រជុំជាមួយបណ្តាថ្នាក់ដឹកនាំទីភ្នាក់ងារសារព័ត៌មាននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងសប្តាហ៍នេះ ស្របពេលដែលមានការរំពឹងទុកថា លោកនឹងពន្យល់អំពីកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពរបស់រដ្ឋាភិបាលជាមួយប្រទេសកូរ៉េខាងជើង។

យោងតាមលោក Cheong Wa Dae បានឱ្យដឹងថា លោក Moon នឹងជួបជាមួយនាយកប្រតិបត្តិសារព័ត៌មាន Yonhab លោក Cho Sung-boo ក៏ដូចជាអ្នកតំណាងមកពីទីភ្នាក់ងារព័ត៌មានចំនួន ៣២ មកពី ២៨ប្រទេសក្នុងតំបន់ ដែលរួមមានទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបស់ចិន ទីភ្នាក់ងារសារព័ត៌មានក្យូដូ របស់ជប៉ុន និងទីភ្នាក់ងារសារព័ត៌មាន Telegraph របស់ប្រទេសរុស្ស៊ី (Itar-Tass) ។

ការប្រជុំនេះនឹងធ្វើឡើងនៅការិយាល័យប្រធានាធិបតីនៅរសៀលថ្ងៃព្រហស្បតិ៍នេះ។ ប្រធានាធិបតីត្រូវបានគេរំពឹងថា នឹងលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូលក្នុងការនាំមកនូវសន្តិភាព និងវិបុលភាពដល់ឧបទ្វីបកូរ៉េ ហើយប្រព័ន្ធផ្សព្វផ្សាយអាចដើរតួនៅក្នុងដំណើរការនេះ។

លោកក៏បានរំពឹងទុកផងដែរថា នឹងមានជំនួបកំពូលឆាប់ៗនេះរវាង អាស៊ាន និងកូរ៉េខាងត្បូង និងសម័យប្រជុំមេគង្គ – កូរ៉េខាងត្បូងដាច់ដោយឡែកមួយទៀត ដែលគ្រោងនឹងធ្វើនៅទីក្រុងកំពង់ផែភាគ             អាគ្នេយ៍នៃទីក្រុងប៊ូសាន នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ កិច្ចប្រជុំដែលមានរយៈពេល ៣ថ្ងៃនេះ នឹងក្លាយជាព្រឹត្តិការណ៍ការទូតដ៏ធំបំផុតដែលត្រូវបានធ្វើឡើងនៅក្នុងប្រទេសនេះចាប់តាំងពីការឡើងកាន់តំណែងរបស់លោក  Moon កាលពីខែឧសភា ឆ្នាំ ២០១៧ មក។

កិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ធ្វើឡើងនៅខាងក្រៅនៃមហាសន្និបាតអង្គការទីភ្នាក់ងារសារព័ត៌មានអាស៊ី – ប៉ាស៊ីហ្វិក (OANA) លើកទី១៧ ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Lotte ទីក្រុងសេអ៊ូល ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ។

OANA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦១ តាមគំនិតផ្តួចផ្តើមរបស់អង្គការយូណេស្កូ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរសារព័ត៌មានក្នុងតំបន់ ហើយបានរៀបចំមហាសន្និបាតរបស់ខ្លួនរៀងរាល់ ៣ឆ្នាំម្តង៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)