កូរ៉េខាងត្បូងនឹងកាត់បន្ថយចំនួនកងទ័ពដល់ទៅ ៥០០.០០០ នាក់នៅឆ្នាំ ២០២២

AKP ភ្នំពេញ  ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងកាត់បន្ថយចំនួនកងទ័ព​របស់​ខ្លួនដល់ទៅ ៥០០.០០០នាក់ នៅត្រឹមឆ្នាំ ២០២២ ក្នុងវិធានការចុងក្រោយ​ដើម្បីដោះ​ស្រាយបញ្ហាប្រជាសាស្ត្រដែលកំពុងកើនឡើង ខណៈដែលប្រទេសសេដ្ឋកិច្ចធំបំផុតទី៤ នៅ​អាស៊ី​មួយនេះ ប្រឈមនឹងចំនួនប្រជាជនវ័យចំណាស់យ៉ាងឆាប់រហ័ស។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក ហុង ណាំ-គី (Hong Nam-ki) ក៏បាននិយាយផងដែរថា ​ប្រទេស កូរ៉េខាងត្បូងនឹងធ្វើកំណែទម្រង់យោធារបស់ប្រទេស តាមរបៀបមួយដែលប្រើប្រាស់​បច្ចេកវិទ្យាដូចជា យន្តហោះគ្មានមនុស្សបើកដែលបំពាក់ដោយអាវុធ ផ្កាយរណបឈ្លប​យកការណ៍ និងយន្តហោះគ្មាន​មនុស្សបើក។

ផែនការនេះបានធ្វើឡើងចំពេលចំនួនប្រជាជនដែលត្រូវការ ដើម្បីបម្រើក្នុងវិស័យ​យោធា​ត្រូវ​បានគេព្យាករថា នឹងធ្លាក់ចុះដល់ ២២៥.០០០នាក់នៅឆ្នាំ ២០២៥ មុនពេលធ្លាក់​ចុះ​ដល់១៦១.០០០នាក់នៅឆ្នាំ២០៣៨ បើប្រៀបធៀបនឹងឆ្នាំ២០១៦មានចំនួន៣៦០.០០០ នាក់។

យោងតាមសៀវភៅសការពារជាតិឆ្នាំ២០១៨ ដែលចេញផ្សាយកាលពីខែមករា បាន​ឱ្យ​ដឹងថា នៅឆ្នាំ ២០១៨ កូរ៉េខាងត្បូងមានកងទ័ពចំនួន ៥៩៩.០០០នាក់ ក្នុងការប្រៀបធៀប​នៅក្នុងបញ្ជីចុះឈ្មោះចំនួនបុគ្គលិកកាតព្វកិច្ចសកម្មរបស់កូរ៉េខាងជើងមានចំនួន ១,២៨លាន នាក់។

ការផ្លាស់ប្តូរនេះ បានកើតឡើងនៅពេលដែលប្រទេសកូរ៉េខាងត្បូងកំពុងឆ្លងកាត់​ ការ​ផ្លាស់​ប្តូរប្រជាសាស្ត្រ។ ស្ថិតិកូរ៉េព្យាករណ៍ថា ចំនួនប្រជាជនរបស់ប្រទេសនេះ នឹងកើនឡើងដល់ ៣៩លាន​នាក់ នៅឆ្នាំ ២០៦៧ ពោលគឺធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ៥១,៧ លាននាក់ក្នុងឆ្នាំ ២០១៩។

កាលពីឆ្នាំមុន អត្រានៃការមានកូនសរុបរបស់កូរ៉េខាងត្បូង ដែលជាចំនួនកុមារជា​មធ្យម​​ដែលស្ត្រីមានក្នុងជីវិតរបស់នាងបានឡើងដល់កម្រិតទាបបំផុតគឺ ០,៩៨ គឺទាបជាង​កម្រិត​នៃការជំនួស ២,១ ដែលនឹងធ្វើឱ្យប្រជាជនកូរ៉េខាងត្បូងមានស្ថិរភាពត្រឹម ៥១ លាន​នាក់។

នៅក្នុងការប្រៀបធៀបមួយ អត្រានៃការមានកូនសរុបរបស់អង្គការសម្រាប់​សហប្រតិ​បត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលជាក្រុមប្រទេសមួយនៅក្នុងចំណោមក្រុមប្រទេស​អ្នកមានភាច្រើនចំនួន៣៦ ដែលបានឈរក្នុងអត្រា ១,៦៥ ជាមធ្យម។

រដ្ឋាភិបាលមានផែនការកាត់បន្ថយចំនួនដើម្បីកាត់បន្ថយចំនួននៃពលបាល អនុសេ​នីយ៍​ទោ ខណៈពេលដែលបង្កើនចំនួននាយទាហាន និងពលទាហានថ្នាក់ទីមួយ និងពល​ទាហាន​ដំបូង។ រដ្ឋាភិបាលគ្រោងនឹងបង្កើនសមាមាត្រស្ត្រីដែលបម្រើការជាមន្រ្តី និងមន្រ្តីជាប់កិច្ច​សន្យា​ដល់ ៨,៨ ភាគរយ​ ពីចំនួន ៦,២ ភាគរយនាពេលបច្ចុប្បន្ន។

បច្ចុប្បន្ននេះ បុរសជនជាតិកូរ៉េខាងត្បូងដែលមានកាយសម្បទារឹងមាំទាំងអស់​ត្រូវ​បំពេញកាតព្វកិច្ចយោធារយៈពេលប្រហែល ២ឆ្នាំ នៅក្នុងប្រទេសមួយនេះ ដែលប្រឈមនឹង​ប្រទេស​កូរ៉េ​ខាងជើងឆ្លងកាត់ ព្រំដែនដែលមានកម្លាំងការពារខ្លាំងនោះ៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)