ក្រសួងសុខាភិបាល បានត្រៀមក្រុមគ្រូពេទ្យ និងរថយន្ដសង្គ្រោះចល័ត ដោយឥតគិតថ្លៃ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកខាងមុខ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០៦ វិច្ឆិកា ២០១៩៖

ក្រសួងសុខាភិបាល បានត្រៀមក្រុមគ្រូពេទ្យ និងរថយន្ដសង្គ្រោះចល័ត ដោយឥតគិតថ្លៃ ដើម្បីជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ នៅក្នុងពិធីបុណ្យអុំទូក ខាងមុខ។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ ជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានប្រាប់វិទ្យុជាតិកម្ពុជា ឲ្យដឹងថា ក្រសួងបានត្រៀមរួចរាល់ហើយ នូវក្រុមគ្រូពេទ្យ រថយន្ដសង្គ្រោះចល័ត និងមានបោះតង់ពិនិត្យសុខភាព ដោយឥតគិតថ្លៃ សម្រាប់សង្រ្គោះពលរដ្ឋ ដែលមកកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំនេះ ដែលប្រព្រឹត្តរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
លោក វេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា សម្រាប់ពិធីបុណ្យអុំទូកឆ្នាំនេះ ក្រសួងសុខាភិបាល គ្រោងនឹងដាក់គ្រូពេទ្យសរុបទាំងអស់ជិត១០០០នាក់ និងរថយន្តសង្គ្រោះ ចំនួន៦៣គ្រឿង និងមានស្តង់ពិនិត្យសុខភាពចំនួន១២កន្លែង នៅតាមគោលដៅនីមួយៗ ដើម្បីត្រៀម ជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពកើតឡើងជាយថាហេតុ។
ក្រៅពីការត្រៀមកម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋហើយនោះ ក្រុមគ្រូពេទ្យចល័តទាំងអស់ ក៏មានកម្មវិធីអប់រំផ្សព្វផ្សាយ ពីការធ្វើអនាម័យ ចំណីអាហារ និងការទប់ស្កាត់ ជំងឺអេដស៍ជាដើម ជូនទៅដល់ប្រជាពលរដ្ឋ ដែលចូលរួមក្នុងឱកាសបុណ្យអុំទូក៣ថ្ងៃខាងមុខនេះផងដែរ។
ជាមួយគ្នានេះលោកវេជ្ជបណ្ឌិតក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋបរិភោគអាហារឱ្យមានអនាម័យផងដែរ។
សំឡេង៖ ខ្ញុំសុំឱ្យប្រជាពលរដ្ឋយើង ដោយសារយើងមកគ្នាច្រើនអញ្ចឹង យើងធ្វើយ៉ាងម៉េច បងប្អូនញ៉ាំទឹក ចំណីអាហារហ្នឹងប្រកបដោយអនាម័យ ទឹកហ្នឹងគឺត្រូវពុះ ហើយប្រសិនបើជាបងប្អូនមានការឈឺថ្កាត់ សូមទៅរកកន្លែងស្ដង់ដែលមានពេទ្យប្រចាំការ ឬក៏រថយន្តសង្គ្រោះហ្នឹង ក្នុងករណីចង់សួរព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥។
យោងតាមការព្យាករណ៍ នឹងមានប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិប្រមាណ៦,៦លាននាក់ មកកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលធ្វើឡើងនៅរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃខាងមុខនេះ៕