អភិបាល ខេត្តកំពង់ចាម អះអាងថាអគារសិក្សា ថ្មី១ខ្នងនៅវិទ្យាល័យ ស្រេង គីម ស្ថិតក្នុង ឃុំស្រង៉ែ ជារបស់យើងទាំងអស់គ្នា

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាត ខេត្តកំពង់ចាម៖


អភិបាល ខេត្តកំពង់ចាម អះអាងថាចាប់ពីពេលនេះតទៅ អគារសិក្សា ១ខ្នង ២ជាន់ ១២បន្ទប់នៅវិទ្យាល័យ ស្រេង គីម ស្ថិតក្នុង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម គឺជារបស់យើងទាំងអស់គ្នា ។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ថ្លែងថាយើងមានអគារល្អហើយ ដូច្នេះ ក្មួយៗជាយុវជននៅទីនេះ ត្រូវខិតខំសិក្សារៀនសូត្រឲ្យពូកែ ដើម្បី ក្លាយជាធនធាន ប្រកបដោយសមត្ថភាព ជាទំពាំស្នងឬស្សី នាពេលអនាគត ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង ២ជាន់ ១២បន្ទប់ ជាអំណោយរបស់សមាគមដំណឹងល្អពិភពលោក នៅវិទ្យាល័យ ស្រេង គីម ស្ថិតនៅភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានចាត់ទុកថា សមិទ្ធផល ដែលជាអំណោយសប្បុរសជន នូវអគារសិក្សាដ៏ល្អ ១ខ្នងនេះ ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ នៅកម្ពុជា និយាយរួម និងដោយឡែក វិស័យអប់រំ នៅក្នុងស្រុកព្រៃឈរ នៃខេត្តកំពង់ចាម ស្ថិតក្រោមដំបូលសុខសន្តិភាព នៃនយោបាយឈ្នះឈ្នះ ស្ថិតនៅក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
គូសបញ្ជាក់ផងដែរថា សិក្សា ១ខ្នង នេះ បានកសាងឡើង តារយៈ ការខិតខំប្រឹងប្រែង របស់សហគមន៍ ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន ព្រមទាំង គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សប្បុរសជន របស់សមាគមដំណឹងល្អពីភពលោក បានកសាអគារសិក្សា នេះឡើង ចំណាយថវិកា ១៥៩.៧៥០ដុល្លារ អាមេរិក ៕