ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការប្រយុទ្ធប្រឆាំង «អំពើជួញដូរមនុស្ស» គឺជាបញ្ហាសកលលំបាក និងស្មុគស្មាញ ដែលទាមទារឲ្យមានការរួមគ្នាដោះស្រាយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ស្រី​ ផន​ វាសនា​៖

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រយុទ្ធប្រឆាំង «អំពើជួញដូរមនុស្ស» គឺជាបញ្ហាសកលលំបាក និងស្មុគស្មាញ ជាបទល្មើសឆ្លងដែនខុសច្បាប់ និងជាឧក្រិដ្ឋកម្ម ដែលមានវិសាលភាពទាំងក្នុងតំបន់អាស៊ាន និងសកលលោក ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាសកលនេះឱ្យបានទាន់ពេលវេលា ប្រទេសសមាជិកអាស៊ាន- ចិនត្រូវមានគោលការណ៍រួមមួយ ឯកភាពគ្នា សហការគ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន – ចិន លើកទី ១២ក្រោមប្រធានបទ«តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់ នៅខេត្តសៀមរាប នៅថ្ងៃទី៦ ខែវិច្ឆិកា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ដល់ អគ្គព្រះរាជអាជ្ញាអាស៊ាន- ចិន ត្រូវរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធជាមួយបញ្ហាស្ថាប័ន និងប្រទេសពាក់ព័ន្ធនឹង « អំពើជួញដូរមនុស្ស » ជាពិសេសនៅក្នុងប្រទេសឆ្លងកាត់ និងប្រទេសគោលដៅ ដើម្បីឆ្លើយតបនិងដោះស្រាយឱ្យបានទាន់ពេលកំណត់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។អគ្គព្រះរាជអាជ្ញាអាស៊ាន- ចិនត្រូវរួមគ្នាពិនិត្យ និងវាយតម្លៃបញ្ហា « អំពើជួញដូរមនុស្ស » តាមរយៈស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពជាមួយប្រទេស និងស្ថាប័នពាក់ព័ន្ធ ដូចមានចែងក្នុងកិច្ចព្រមព្រៀង ឬ អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាកន្លងមក ។អគ្គព្រះរាជអាជ្ញាអាស៊ាន- ចិន និងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាបន្ត និងបង្កើនកិច្ចសហការឱ្យបានទូលំទូលាយ បង្កលក្ខណៈងាយស្រួល និងចូលរួមផ្តល់ធនធានសម្រាប់ប្រតិបត្តិការជាប្រព័ន្ធដើម្បីអាចឆ្លើយតបបញ្ហាបានទាន់ពេលវេលាស្តីពី «អំពើជួញដូរមនុស្ស » ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។អគ្គព្រះរាជអាជ្ញាអាស៊ាន- ចិនត្រូវរួមគ្នាធ្វើកំណត់ត្រានិងចងក្រងរបាយការណ៍ជាមួយនឹងភស្តុតាងជាក់ស្តែង ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មបង្កគ្រោះថ្នាក់ដល់សង្គមជាតិ និងកំពុងប៉ះពាល់ដល់កិច្ចដំណើរការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលលោក ។