ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកចូលរួមប្រណាំង កើនជាងឆ្នាំមុនចំនួន៧៩ទូក

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩៖

ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៩នេះ មានទូកចូលរួមប្រណាំងប្រមាណជិត៣០០ទូក គឺកើនជាងឆ្នាំមុន ដែលនឹងធ្វើអោយព្រះរាជពិធីបុណ្យនេះកាន់តែមានភាពអ៊ូរអរសប្បាយរីករាយ ។
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ទូកដែលចូលរួមប្រកួតប្រជែងដើម្បីអបអរសារទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប សំពះព្រះខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៩នេះ គឺមានចំនួន២៩៧ទូក គឺកើនឡើងច្រើនជិត៨០ទូក ខណៈកាលពីឆ្នាំទៅមានចំនួនទូកចូលរួមតែ២១៨ទូក ។
ឯកឧត្តម បន្តថា ចំនួនទូកដែលបានចូលរួមទាំង២៩៧ទូកនេះមកពីខេត្តក្រុងចំនួន១៩ ហើយក៏មានស្ថាប័នរដ្ឋចំនួន៦បញ្ចូនចូលរួមផងដែរ មានដូចជា ៖ ក្រសួងការពារជាតិ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទីស្ដីការគណៈរដ្ឋមន្ត្រី ។
ឯកឧត្តម បន្តទៀតថា ក្នុងចំណោមទូកទាំង២៩៧ទូកនេះ មានក្រុមកីឡាករ កីឡាការិនីបរិមាណជាង១ម៉ឺន៩ពាន់នាក់ដែលមានការខុសគ្នាតិចតួច ។
សូមបញ្ជាក់ថា ក្នុងឆ្នាំនេះសាលារាជធានីភ្នំពេញបានរៀបចំកន្លែងស្នាក់នៅដល់បងប្អូនដែលជាកីឡាករទូកទាំងអស់ឲ្យនៅជុំគ្នាតែម្ដងគឺនៅឯមជ្ឈមណ្ឌលOCIC ទីក្រុងរណបជ្រោយចង្វារ ដើម្បីងាយស្រួលដល់គណៈកម្មការរៀបចំសម្របសម្រួលប្រកបដោយភាពរលូន ៕