សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាបនាព្រឹកថ្ងៃ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។

សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី ១២ ធ្វើឡើងក្រោមប្រធានបទ «តួនាទីព្រះរាជ អាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់»។ សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ នឹងប្រព្រឹត្តរយៈពេលពីរថ្ងៃ គឺថ្ងៃទី៦ និងថ្ងៃទី៧ វិច្ឆិកា ដោយមានការអញ្ជើញចូលរួមពីអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញាឬប្រធានប្រតិភូ មកពីបណ្តាប្រទេសនៃសមាគមអាស៊ាន និងប្រទេសចិនផងដែរ ។
លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន គឺជាយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងវិស័យអយ្យការដែលទទួលបានការឧបត្ថម្ភគាំទ្រពីអយ្យការប្រជាជនជាន់ខ្ពស់នៃសា ធារណរដ្ឋប្រជាមានិតចិន។
លោកជំទាវ បានបញ្ជាក់ឲ្យដឹងទៀតថា ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៤ សន្និសីទបានប្តេជ្ញាលើកកម្ពស់ការកសាងសមត្ថ ភាពរបស់ស្ថាប័នរដ្ឋអាជ្ញា  ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មការពារសុខុមាលភាព និង ការថែរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់អាស៊ាន និងចិន។

ប្រសាសន៍សម្តេចតេជោថ្លែងសុន្ទរកថាបើក

សុន្ទរកថា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន – ចិន លើកទី ១២ក្រោមប្រធានបទ«តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់»នៅខេត្តសៀមរាប ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩
– សម្តេច ឯកឧត្តម លោកជំទាវ
– ឯកឧត្តម លោកជំទាវ អគ្គព្រះរាជអាជ្ញា អត្ថរដ្ឋអាជ្ញានៃបណ្ហាប្រទេសសមាគមអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន
– ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួមក្នុងពិធីបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន- ចិនលើកទី ១២ ក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់» ដែលប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ ។

ខ្ញុំសូមស្វាគមន៍និងថ្លែងអំណរគុណឯក ឧត្តម លោកជំទាវអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា នៃបញ្ហាប្រទេសសមាគមអាស៊ាននិងសាធារណរដ្ឋប្រជាមានិតចិនឯកឧត្តម លោក ជំទាវ អស់លោកលោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលកំពុងមានវត្តមាននៅលើទឹកដីខេត្តសៀមរាបដែលជារាជធានីអច្ឆរិយៈនៃអាណាចក្រខ្មែរនាសម័យអង្គរ ។
ថ្ងៃនេះ កម្ពុជាពិតជាមានកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទដ៏មានសារៈសំ ខាន់នេះ ស្របពេលដែលបញ្ហាប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសនៅក្នុងតំបន់កំពុងរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយគ្រោះថ្នាក់ ហើយកំពុងរីករាលដាលនៅក្នុងតំបន់របស់យើង ។
ជាការពិត ភាពជឿនលឿននៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មានក្នុងយុគសម័យទំនើបនេះ បានធ្វើឱ្យចរន្តសេដ្ឋកិច្ចពិភពលោកមានការវិវត្តយ៉ាងលឿន ។ ទន្ទឹមនេះ ការរីកចម្រើនទីផ្សារការងារក្នុងពិភពលោក ក៏ដូចជានៅក្នុងបញ្ហាប្រទេសអាស៊ានបានជំរុញឱ្យប្រទេសសមាជិកអាស៊ាន និងប្រទេសក្នុងតំបន់ទទួល បាននូវកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ និងបានបង្កើតឱ្យមានទីផ្សារការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ តាមរយៈចរន្តនៃទីផ្សារការងារ និងដំណើរចល័តនៃកម្លាំងពលកម្មអន្តរជាតិ ធ្វើឲ្យកើននូវ អំពើជួញដូរមនុស្ស » ជាយថាហេតុនៅក្នុងប្រទេសសមាជិកអាស៊ាន
រួមទាំងបណ្តាប្រទេសនៅក្នុងតំបន់ផងដែរ ។ ជាមួយគ្នានេះ ការកេងប្រវ័ញ្ចគ្រប់រូបភាពពីស្ថានភាពស្វែងរកការងារ និងការធ្វើចំណាកស្រុកទៅក្រៅប្រទេស ធ្វើឱ្យឧក្រិដ្ឋជនឆ្លៀតឱកាសបង្កើតឱ្យមាន « អំពើជួញដូរមនុស្ស » ការកេងប្រវ័ញ្ចពលកម្ម ជួញដូរផ្លូវភេទ ជួញដូរទារកនិងកុមារ និងការជួញដូរ សរីរាង្គមនុស្ស ដែលជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ចាំបាច់តម្រូវឱ្យប្រទេសសមាជិកអាស៊ាន និងចិនផ្តោតការយកចិត្តទុកដាក់ខ្ពស់និងត្រូវរួមគ្នាទប់ស្កាត់ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក ។
ជាក់ស្តែង « អំពើជួញដូរមនុស្ស » នៅកម្ពុជាបច្ចុប្បន្ន ក៏ដូចជាបណ្តាឆ្នាំកន្លងមក ត្រូវបានរាជរដ្ឋាភិបាលចាត់វិធានការបង្ការ ទប់ ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា តាមរយៈការពង្រឹងច្បាប់ ការអនុវត្តនូវគោលនយោបាយបង្ការ ទប់ស្កាត់ និងការពារជនរងគ្រោះជាមួយការអនុវត្តច្បាប់ព្រហ្មទណ្យ៉ាងខ្លាប់ខ្លួន ។ហើយជាបន្តបន្ទាប់ ដោយមានកិច្ចសហការល្អរវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថាប័នអយ្យការ និងតុលាការធ្វើឱ្យកម្ពុជាទទួលបាននូវលទ្ធផលគួរជាទីមោទនៈ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនកន្លងមក ។
ទន្ទឹមនេះ កម្ពុជាបានអនុម័តនិងកំពុងរៀបចំច្បាប់ គោលនយោបាយ លិខិតបទដ្ឋានពាក់ ព័ន្ធជាមួយនឹងការបង្ការ ទប់ស្កាត់បង្ក្រាប និងផ្តន្ទាទោស « អំពើជួញដូរមនុស្ស» រួមមាន ក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ ២០០៧ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអា ជីវកម្មផ្លូវភេទឆ្នាំ ២០០៨ ក្រមព្រហ្មទណ្ណឆ្នាំ ២០១០សេចក្តីព្រាងច្បាប់ស្តីពី «ការពពោះជំនួស» សេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋាននានា ព្រមទាំងបានចុះអនុស្សរណៈនៃការ យោគយល់គ្នាជាច្រើនទៀត ជាមួយប្រទេសជាមិត្ត ទាំងក្នុងតំបន់និងអន្តរជាតិ ទាក់ទងនឹងអំពើជួញដូរមនុស្ស ជាពិសេសចំពោះស្រ្តីនិងកុមារ ការសង្គ្រោះ ការស្តារឡើវិញ ការធ្វើមាតុភូមិនិវត្តន៍ និងការធ្វើសមាហរណកម្មជនរងគ្រោះដោយ « អំពើជួញដូរ » ។
ដូច្នេះ ការបង្ការទប់ស្កាត់ បង្ក្រាប និងផ្តន្ទាទោស « អំពើជួញដូរមនុស្ស » គឺជាគោល នយោបាយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងបានអនុវត្តកន្លងមក តាមរយៈការផ្សព្វផ្សាយគ្រប់ទម្រង់នៃ«អំពើជួញដូវមនុស្ស » តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ។ ជាក់ស្តែងរាជរដ្ឋា ភិបាលបានប្រារព្ធទិវាប្រឆាំងអំពើជួញដូរមនុស្សនៅឆ្នាំ ២០១៨ កន្លងមក ដោយមានអ្នកចូលរួមប្រមាណ ៣០០០អង្គ/នាក់ ដែលជាថ្នាក់ដឹកនាំកំពូលសំខាន់ៗ ក្នុងស្ថាប័ននីតិប្បញ្ញត្តិនីតិប្រតិបត្តិ តុលាការ អង្គទូតនានានៅកម្ពុជា រួមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តំណាងសាសនានិយោជិត កម្មករ និយោជក សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និស្សិតសិស្សានុសិស្ស និងប្រជាពលរដ្ឋ ។ ជាមួយនេះតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការជាតិអន្តរជាតិនានា និងទូរទស្សន៏ បង្កើតឱ្យមានជាឃ្លីបវីឌីអូ និងបទយកការណ៍ ដើម្បីបង្ហាញឱ្យប្រជាជនគ្រប់ស្រទាប់យល់ដឹងនូវអំពើជួញដូរមនុស្សជាមួយនឹងការបង្កើតនូវយន្តការផ្សព្វផ្សាយជាប្រចាំឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ។
– សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ការប្រយុទ្ធប្រឆាំង «អំពើជួញដូរមនុស្ស» គឺជាបញ្ហាសកលលំបាក និងស្មុគស្មាញ គឺជាបទល្មើសឆ្លងដែនខុសច្បាប់ និងជាឧក្រិដ្ឋកម្ម ដែលមានវិសាលភាពទាំងក្នុងតំបន់អាស៊ាន និងសកលលោក ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាសកលនេះឱ្យបានទាន់ពេលវេលា បញ្ហាប្រទេសសមាជិកអាស៊ាន- ចិនត្រូវមានគោលការណ៍រួមមួយ ឯកភាពគ្នា សហការ
គ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។ ក្នុងស្មារតីនេះ ខ្ញុំសូមចូលរួមចែករំលែកនូវអនុសាសន៍មួយចំនួនដល់អង្គសន្និសីទ ដូចខាងក្រោម ៖
១• អគ្គព្រះរាជអាជ្ញាអាស៊ាន
– ចិន ត្រូវរួមគ្នាធ្វើកិច្ច –
សហប្រតិបត្តិការឱ្យបានជិតស្និទ្ធជាមួយបញ្ហាស្ថាប័ន និងប្រទេសពាក់ព័ន្ធនឹង « អំពើជួញដូរមនុស្ស » ជាពិសេសនៅក្នុងប្រទេសឆ្លងកាត់ និងប្រទេសគោលដៅ ដើម្បីឆ្លើយតបនិងដោះស្រាយឱ្យបានទាន់ពេលកំណត់ ប្រកប ដោយប្រសិទ្ធភាព និងតម្លាភាព ។
២• អគ្គព្រះរាជអាជ្ញាអាស៊ាន- ចិនត្រូវរួមគ្នាពិនិត្យ និងវាយតម្លៃបញ្ហា « អំពើជួញដូរមនុស្ស » តាមរយៈស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពជាមួយប្រទេស និងស្ថាប័នពាក់ព័ន្ធ ដូចមានចែងក្នុងកិច្ចព្រមព្រៀង ឬ អនុស្សរណៈនៃការយោគ យល់គ្នាដែលបានចុះហត្ថលេខាកន្លងមក ។
៣• អគ្គព្រះរាជអាជ្ញាអាស៊ាន- ចិន និងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាបន្ត និងបង្កើនកិច្ច សហការឱ្យបានទូលំទូលាយ បង្កលក្ខណៈ
ងាយស្រួល និងចូលរួមផ្តល់ធនធានសម្រាប់ប្រតិបត្តិការជាប្រព័ន្ធ ដើម្បីអាចឆ្លើយតបបញ្ហាបានទាន់ពេលវេលាស្តីពី «អំពើជួញដូរមនុស្ស » ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
៤. អគ្គព្រះរាជអាជ្ញាអាស៊ាន- ចិនត្រូវរួមគ្នាធ្វើកំណត់ត្រានិងចងក្រងរបាយការណជាមួយនឹងភស្តុតាងជាក់ស្តែង ដើម្បី
បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្ម
បង្កគ្រោះថ្នាក់ដល់សង្គមជាតិ និងកំពុងប៉ះពាល់ដល់កិច្ចដំណើរការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលលោក ។
ខ្ញុំសង្ឃឹមថា អង្គសន្និសីទនឹងបន្តប្រើប្រាស់យន្តការអត្តព្រះរាជអាជ្ញាអាស៊ាន- ចិនដែលជាវេទិកាពង្រឹងកិច្ចសហប្រតិបត្តិការពារប្រកបដោយឆន្ទៈរួមតែមួយ ក្នុងការប្រយុទ្ធប្រឆាំង «អំពើជួញដូរមនុស្ស » និងបទល្មើសឆ្លងដែនគ្រប់រូបភាពដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពឆ្លងដែនដល់បណ្តាប្រជាជននៅក្នុងប្រទេសអាស៊ាន- ចិន និងនៅក្នុងតំបន់ ។
នៅទីបញ្ចប់នេះ ជាមួយនឹងការប្រកាសបើកសន្និសីទអត្ថព្រះរាជអាជ្ញាអាស៊ាន- ចិនលើកទី ១២ ក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់»
ខ្ញុំសូមជូនពរអង្គសន្និសីទទទួលបានលទ្ធ ផលជាផ្លែផ្កា និងសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស
ជាតិ – អន្តរជាតិ សូមមានសុខភាពល្អជាមួយនឹងភាពសប្បាយរីករាយក្នុងការស្នាក់នៅលើទឹកដីអង្គរដ៏ល្បីល្បាញនៃព្រះរាជា
ណាចក្រកម្ពុជា ។