កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅពីរសប្តាហ៍ទៀតនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក២០១៩ នៅពីរសប្តាហ៍ទៀតខាងមុខនេះ ដើម្បីបង្ហាញការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា ប្រទេសកម្ពុជា ក្រោមកិច្ចសហការជាមួយសហព័ន្ធសន្តិភាពសកល ហៅកាត់ថា UPF នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ដោយផ្តោតលើប្រធានបទ«ឆ្លើយតបទៅនឹងបញ្ហាប្រឈមសំខាន់ៗនាពេលបច្ចុប្បន្ន៖ ការពឹងពាក់គ្នាទៅវិញទៅមក ការផ្សះផ្សាជាតិវិបុលភាពទៅវិញទៅមក និងគុណតម្លៃជាសកល»។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ ឯកឧត្តម បានបញ្ជាក់ថា កិច្ចប្រជុំថ្នាក់តំបន់នេះ នឹងមានគណៈប្រតិភូមកពីស្ថាប័នសភា រដ្ឋាភិបាល មេដឹកនាំសាសនា អ្នកដឹកនាំស្ត្រី ស្ថាប័នសារព័ត៌មាន អ្នកវិនិយោគ សង្គមស៊ីវិល និងយុវជនសរុបប្រមាណ១ពាន់នាក់ ក្នុងនោះគណៈប្រតិភូអន្តរជាតិប្រហែល៥០០ នាក់មកពី៥០ប្រទេស។ ឯកឧត្តម បន្តថា កិច្ចប្រជុំនាពេលខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលត្រូវបានចាត់ទុកជាមេដឹកនាំគំរូក្នុងការផ្សះផ្សារជាតិ ឯកភាពជាតិតែមួយ និងការអភិវឌ្ឍក្រោយទទួលបានសន្តិភាព ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ នឹងបង្ហាញពីភាពវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងសង្គមស៊ីវិលលើការកសាងសន្តិភាព និងការផ្សះផ្សា ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងដំណោះស្រាយដែលអាចកើតមានចំពោះបញ្ហាសំខាន់ៗ។ ឯកឧត្តម បន្តថា កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាព្រឹត្តិការណ៍មួយទៀតដែលជំរុញឲ្យប្រទេសកម្ពុជាទទួលបានការវិនិយោគ និងការអភិវឌ្ឍកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
លោក ហាជីមិ សៃតូ (Hajime Saito) ទីប្រឹក្សាUPFប្រចាំតំបន់ទន្លេមេគង្គ និងជាបេសកជន ពិសេសរបស់UPFប្រចាំប្រទេសកម្ពុជា បង្ហាញការជឿជាក់ថា កិច្ចប្រជុំថ្នាក់តំបន់នេះ នឹងចូលរួមចំណែកយ៉ាងច្រើនដល់ការសំរេចនូវគោលបំណងរួមគ្នា។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ និងក្រោមការអញ្ជើញជាអធិបតីបើកដោយសម្តេចតេជោ ហ៊ុន សែន នេះ គឺជាកិច្ចប្រជុំប្រចាំឆ្នាំលើកទី២ បន្ទាប់កិច្ចប្រជុំដំបូងធ្វើឡើងនៅខែធ្នូ ឆ្នាំ ២០១៨ នៅទីក្រុង Kathmandu ប្រទេសនេប៉ាល់៕