សាលារាជធានីភ្នំពេញ ប្រកាសឲ្យអាជីវករ និងប្រជាពលរដ្ឋហាមលក់ដូរ និងស្លៀកពាក់ស្រឌៀងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធក្នុងពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ០៥ ១១ ១៩៖

សាលារាជធានីភ្នំពេញ បានប្រកាសឲ្យសាធារណជន និងបងប្អូនអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញហាមលក់ដូរ និងស្លៀកពាក់សំលៀកបំពាក់ស្រឌៀងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ ក្នុងអំឡុងពេលបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមឱ្យបានល្អប្រសើរ។
យោតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី០៥ ខែវិច្ឆិកា បានប្រកាស មិនអនុញ្ញាតឱ្យបងប្អូនធ្វើការលក់ដូរ ការទិញ និងប្រើប្រាស់នូវសំលៀកបំពាក់មានលក្ខណៈប្រហាក់ប្រហែល នឹងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ ដែលមានអក្សរPOLICE PM ARMY ជាដើម និងវិទ្យុទាក់ទង ឬឧបករណ៍ផ្សេងៗ ដោយគ្មានការអនុញ្ញាត ធ្វើឱ្យមហាជនមានការភ័ន្តច្រឡំថា ជាកម្លាំងសមត្ថកិច្ច ហើយអាចបន្លំខ្លួនប្រព្រឹត្តបទល្មើសផ្សេងៗបង្កចលាចលក្នុងសង្គម នៅក្នុងអំឡុងពេលបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ នេះ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយពិនិត្យតាមដានការលក់ដូរ ការប្រើប្រាស់សំលៀកបំពាក់ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ និងការប្រើប្រាស់វិទ្យុទាក់ទងដែលមិនប្រក្រតី។
ប្រភពដដែល បញ្ជាក់ថា ប្រសិនបើពិនិត្យឃើញថាមានសកម្មភាពនេះកើតឡើង ត្រូវចាត់វិធានការអប់រំណែនាំឱ្យបញ្ឈប់ការលក់ដូរ ការទិញ និងការប្រើប្រាស់ជាបន្ទាន់។ ក្នុងករណីទង្វើនេះបង្កជាបទល្មើសជាក់ស្តែង ត្រូវឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថា សាធារណជន និងបងប្អូនអាជីវករទាំងអស់ ចូលរួមអនុវត្តសេចក្តីប្រកាសនេះនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕