ក្រសួងវប្បធម៌ ជំរុញឲ្យសិល្បករ សិល្បការិនី បញ្ចូលសារអប់រំពីជំងឺអេដស៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ០៥ ១១ ២០១៩ ៖

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើដល់ប្រធានអង្គភាព និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្តទាំងអស់ ជំរុញឲ្យសិល្បករ សិល្បការិនីបញ្ចូលសារអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ស្របពេលទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នឹងចូលមកដល់នៅថ្ងៃទី១ធ្នូ ឆ្នាំ២០១៩ នាពេលខាងមុខនេះ។ 

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចេញផ្សាយនៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានឲ្យដឹងថា ក្រសួងមានតួនាទីជួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការចូលរួមផ្សព្វផ្សាយអប់រំពីមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងគ្រប់កម្មវិធីផ្សេងៗ ដល់សាធារណជន។

ដោយឡែក សម្រាប់ឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលដ៏ខ្លីខាងមុខនេះ ប្រធានអង្គភាព និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត បានណែនាំ និងជំរុញឲ្យសិល្បករ សិល្បការិនីទាំងអស់ ចូលរូបសម្តែងសិល្បៈ និងផ្សព្វផ្សាយពីខ្លឹមសារបង្ការខ្លួន និងគ្រួសារពីការឆ្លងមេរោគអេដស៍ និងប្រើពាក្យស្លោក«ចូលរួមបញ្ចប់អេដស៍ ផ្តើមចេញពីយើងទាំងអស់គ្នា»។