ប្រទេសឥណ្ឌាចូលរួមវិភាគទានចំនួន ១លានដុល្លារអាមេរិក សម្រាប់សកម្មភាពមនុស្សធម៌  របស់កម្មវិធីស្បៀងអាហារពិភពលោកនៅប្រទេសកូរ៉េខាងជើង  

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — របាយការណ៍ប្រចាំខែរបស់ទីភ្នាក់ងារ អ.ស.ប បានបង្ហាញកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌាបានបរិច្ចាគទឹកប្រាក់ចំនួន១លានដុល្លារអាមេរិកដល់កម្មវិធីស្បៀងអាហារពិភពលោក សម្រាប់សកម្មភាពមនុស្សធម៌របស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងជើង ខណៈដែលប្រទេសកូរ៉េខាងជើងដ៏ក្រីក្រមួយនេះ បានតស៊ូដើម្បីដោះស្រាយជាមួយនឹងកង្វះខាតស្បៀងដ៏រ៉ាំរ៉ៃនោះ។

របាយការណ៍បាននិយាយថា កម្មវិធីស្បៀងអាហារពិភពលោកបានបង្កើនកិច្ចសហប្រតិបត្តិការ ខាងត្បូង-ខាងត្បូង នឹងត្រីកោណធ្វើជាផ្លូវមួយ ដើម្បីបង្កើនការគាំទ្រដល់កូរ៉េខាង​ជើង ហើយបានទទួលការចូលរួមវិភាគទានពីរដ្ឋាភិបាលឥណ្ឌាចំនួន ១លានដុល្លារ​សម្រាប់​ប្រតិបត្តិការនៅក្នុងប្រទេសរបស់ខ្លួន។

កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង គឺជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដែល​មាន​ការចូលរួមពីប្រទេសកំពុងអភិវឌ្ឍន៍ចំនួនពីរឬច្រើន ហើយជាកិច្ចសហប្រតិបត្តិការ​ត្រី​កោណ​សំដៅទៅលើកិច្ចសហការគ្នា ដែលបណ្តាប្រទេសម្ចាស់ជំនួយជាប្រពៃណី និងអង្គការ​ពហុភាគីជួយសម្រួលដល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូងនេះ។

ប្រទេសកូរ៉េខាងជើង បានទទួលជំនួយស្បៀងអាហារចំនួន១,៩០៥តោន ពីកម្មវិធី​ស្បៀង​​អាហារពិភពលោកកាលពីខែកញ្ញា ពោលគឺកើនឡើងពីចំនួន ១,៤២៥តោន​ ដែលបាន​ផ្តល់​កាលពីខែមុន។ ប្រជាជនសរុបចំនួន ៥៨៤.៨០០នាក់ បានទទួលជំនួយនៅទូទាំងប្រទេស​កូរ៉េខាងជើងកាលពីខែកញ្ញាកន្លងទៅ។

កាលពីខែឧសភា អង្គការស្បៀងអាហារពិភពលោក និងអង្គការស្បៀងអាហារ និង​កសិកម្ម​បានរាយការណ៍ថា ទិន្នផលដំណាំរបស់កូរ៉េខាងជើងកាលពីឆ្នាំមុនបានឈានដល់​កម្រិត​ទាប​បំផុតចាប់តាំងពីឆ្នាំ ២០០៨មក ដែលមានប្រជាជនប្រមាណ ១០លាននាក់​ ឬ​ប្រហែល ៤០ភាគរយនៃប្រជាជនរបស់ខ្លួនត្រូវការអាហារបន្ទាន់។

កូរ៉េខាងត្បូងបានគ្រោងនឹងផ្តល់អង្ករចំនួន៥ម៉ឺនតោន ដល់កូរ៉េខាងជើងតាមរយៈកម្មវិធី​ស្បៀង​អាហារពិភពលោក ដើម្បីជួយដល់ទីក្រុងព្យុងយ៉ាង ក្នុងការដោះស្រាយស្ថានការណ៍​ស្បៀង​អាហារ​ ប៉ុន្តែកូរ៉េខាងជើងបានបដិសេធមិនទទួលយក៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)