ក្រសួងសុខាភិបាលត្រៀមមន្ត្រីសុខាភិបាលជាង១ពាន់នាក់ដើម្បីបំរើការក្នុងព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា:ហាន់ ស្រីណា ៥.១១.២០១៩៖

ក្រសួងសុខាភិបាលត្រៀមមន្ត្រីសុខាភិបាលជាង១ពាន់នាក់ដើម្បីបំរើការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក។

ក្រសួងសុខាភិបាលត្រៀមលក្ខណ:ជាស្រេចក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋដែលមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុុំទូកដើម្បីជួយប្រជាពលរដ្ឋអោយទាន់ពេលវេលានៅពេលដែលមានបញ្ហាសុខភាពកើតឡើងជាយថាហេតុ។

ឯកឧត្តម ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងថា ក្រសួងគ្រោងដាក់ពង្រាយគ្រូពេទ្យចំនួន ១០៦៥ នាក់ដើម្បីផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋដែលមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកក្នុងរាជធានីភ្នំពេញនេះឱ្យមានភាពលឿនរហ័សប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពពេលដែលប្រជាពលរដ្ឋទទួលរងនូវបញ្ហាសុខភាពមិនប្រក្រតីណាមួយកើតឡើង។

ឯកឧត្តមបានឲ្យដឹងបន្ថែមថាក្រៅពីក្រុមគ្រូពេទ្យក្រសួងសុខាភិបាលក៏បានដាក់ប៉ុស្តិ៍សុខភាពចំនួន ១២ គោលដៅក្នុងបរិវេណកន្លែងប្រារព្ធពិធីព្រមទាំងរថយន្តសង្គ្រោះបន្ទាន់ចំនួន ៦៥គ្រឿងផងដែរដើម្បីទុកសង្គ្រោះអ្នកជំងឺអោយបានទាន់ពេលវេលា។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ពេលចូលរួមក្នុងពិធីបុណ្យអុំទូកកុំពិសារគ្រឿងស្រវឹងព្រោះវាប៉ះពាល់ដល់សុខភាពអាចបណ្ដាលឱ្យគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។

សូមបញ្ជាក់ថាព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកធ្វើឡើងនៅថ្ងៃទី ១០ ដល់ថ្ងៃទី ១២ខែវិច្ឆិកាឆ្នាំ ២០១៩ នេះដើម្បីបង្កភាពសប្បាយរីករាយផងនិងលើកស្ទួយពីវប្បធម៍ប្រពៃណីជាតិខ្មែរផង ក្រោមម្លប់សុខសន្តិភាព។