សហរដ្ឋអាមេរិកថ្កោលទោសចំពោះការបំភិតបំភ័យរបស់ចិននៅសមុទ្រខាងកើត

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ទីប្រឹក្សាសន្តិសុខជាតិ និងជាប្រេសិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Robert O’Brien បានថ្កោលទោសចំពោះការបំភិតបំភ័យរបស់ចិនដើម្បីបញ្ឈប់បណ្តាប្រទេសនៅអាស៊ានពីការធ្វើអាជីវកម្មធនធានសមុទ្រនៅតំបន់សមុទ្រខាងកើត។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន – សហរដ្ឋអាមេរិកលើកទី៧ នៅទីក្រុងបាងកក លោក O’Brien បាននិយាយថា ប្រទេសចិនបានស្វះស្វែងរារាំងការចូលទៅទទួលបានធនធានប្រេង និងឧស្ម័ន ដែលមានតម្លៃ ២,៥ទ្រីលានដុល្លារអាមេរិកនៅតំបន់នោះ។

លោកក៏បានពាំនាំសារពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានអញ្ជើញមេដឹកនាំអាស៊ានចូលរួមកិច្ចប្រជុំពិសេសនៅសហរដ្ឋអាមេរិកក្នុងត្រីមាសទី ១ ក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

សហរដ្ឋអាមេរិកបានថ្កោលទោសជាបន្តបន្ទាប់ ចំពោះការរំលោភបំពានរបស់ចិនទៅលើច្បាប់អន្តរជាតិនៅសមុទ្រខាងកើត ដែលរួមមានទាំងការសាងសង់ខុសច្បាប់ នឹងការធ្វើយោធានូបនីយកម្មរបស់អង្គភាពសិប្បនិម្មិតនៅសមុទ្រខាងកើត ក៏ដូចជារារាំងសកម្មភាពប្រេង និងឧស្ម័នស្របច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម និងបណ្តាប្រទេសផ្សេងៗទៀតនៅតាមឆ្នេរសមុទ្រផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)