រដ្ឋបាលរាជធានីភ្នំពេញបិទផ្លូវនាវាចរ រយៈពេល ៥ថ្ងៃដើម្បីបំរើដំណើរការព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៩

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសធ្វើការបិទផ្លូវនាវាចរ រយៈពេល ៥ថ្ងៃ ដើម្បីរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា ឆ្នាំ ២០១៩ខាងមុខនេះ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ការបិទផ្លូវទឹកមួយរយៈចាប់ពីថ្ងៃ ៨ ដល់ ១២ ខែវិច្ឆិកាឆ្នាំ២០១៩ដើម្បីរក្សាការពារនូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយជូនប្រជាពលរដ្ឋទាំងភ្ញៀវជាតិ-អន្តរជាតិ ព្រមទាំងក្រុមកីឡាករ កីឡាការិនីដែល អញ្ជើញមកពីបណ្តាខេត្តនានា ដែលមកចូលរួមប្រណៃងទូកក្នុងព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ។
រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញថា នៅតាមដងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ គឺជាទីកន្លែងប្រារព្ធពិធីដូច្នេះមិនអនុញ្ញាតអោយនាវាចរឆ្លងកាត់ឡើយ ហើយនឹងដាក់អោយដំណើរការឡើងវិញ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោយពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប សំពះព្រះខែ និងអកអំបុកត្រូវបានបញ្ចប់។
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដលល បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់តាមផ្លូវទឹក ទាំងអស់មេត្តាយោគយល់និងអធ្យាស្រ័យ ហើយនាំគ្នាចូលរួមកម្សាន្តសប្បាយអោយកាន់ច្រើនកុះករ និងគ្រប់ៗគ្នា។