ក្រុមយុវជននិងអ្នកសារព័ត៌មាននៃក្រសួងព័ត៌មានធ្វើទស្សនកិច្ចផ្លាស់ប្តូរវប្បធម៌កម្ពុជា-វៀតណាម

វិទ្យុជាតិកម្ពុជា​៖​

ក្រុមយុវជននិងអ្នកសារព័ត៌មាននៃក្រសួងព័ត៌មានធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ដើម្បីផ្លាស់ប្តូរវប្បធម៌និងបទពិសោធន៍នៃការផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាពបំរើផលប្រយោជន៍សង្គម។

ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នេះបានដឹកនាំប្រតិភូអ្នកសារព័ត៌មានជាយុវជន និងមន្រ្តីព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាជិត៣០រូបមកពីអង្គភាពផ្សេងៗគ្នាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមក្នុងពិធីផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។
ឯកឧត្តមបញ្ជាក់ថា ដំណើរទស្សនកិច្ចចូលរួមក្នុង “ពិធីផ្លាស់ប្តូរបទពិសោធន៍ផ្នែកវប្បធម៌សម្រាប់អ្នកសារព័ត៌មានវ័យក្មេង យុវជន និងនិស្សិត” នេះមានប្រតិភូផ្នែកសារព័ត៌មានចំនួន២៨រូប និងយុវជន និស្សិតប្រមាណ៦០រូបផ្សេងទៀតមកពីក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើងនៅខេត្ត តៃនិញ និងទីក្រុង ហូជីមិញ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥ វិច្ឆិកា ដល់ថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០១៩។
ឯកឧត្តមបន្តថា គោលបំណងដ៏សំខាន់នៃដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យវប្បធម៌ សិល្បៈ អប់រំ ព័ត៌មាន និងផ្សព្វផ្សាយរវាងប្រទេសទាំងពីរ ដែលជាប្រយោជន៍ក្នុងនាមប្រទេសជិតខាង ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន។
(កម្ពុជា និងវៀតណាមមានវប្បធម៌ដោយឡែកៗ និងពិសេសរៀងៗខ្លួន ដូច្នេះការស្វែងយល់ និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យនេះពិតជាធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរ ពិសេសយុវជនកាន់តែយល់គ្នា និងរស់នៅភូមិផងរបងជាមួយគ្នាប្រកបដោយសុខដមរមនា។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការអញ្ជើញពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយ:ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ដោយសហការជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាតាមរយ:ក្រសួងព័ត៌មាន៕