ពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ បានប្រារព្វពិធីបិទរបស់ខ្លួន កាលពីល្ងាចថ្ងៃទី៤វិច្ឆិកា បន្ទាប់ពីបានដំណើរការរបស់ខ្លួន ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រយ:ពេលពេញ៣ថ្ងៃរួចមក។ ព្រះករុណា ព្រះចៅស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាងនិងអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំកំពូលរបស់ខ្លួន ក្រោមអំណរសាទរចំពោះ ភាពជោគជ័យ ដែលរដ្ឋាភិបាល និងប្រជាជនថៃ សម្រេចបានក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ប្រចាំឆ្នាំ២០១៩នេះ។ បន្ទាប់ពីការថ្លែងនូវសុន្ទរកថា ដែលបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលថ្នាក់ដឹកនាំអាស៊ាន បានរួមសហការគ្នាក្នុងការឈានទៅសម្រេចបាន នូវមហាសមិទ្ធផលជា ប្រវត្តិសាស្រ្តនេះរួចមក ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្រ្តីថៃ បានអញ្ជើញជូន ញញ្ញូដល់ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បី ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និងលោកទី៣៧ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម ក្នុងឆ្នាំ២០២០ខាងមុខ។ បន្ទាប់ពីទទួលបានញញ្ញូជាប្រធានបន្តវេនដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២០ខាងមុខ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើការប្តេជ្ញាចិត្តចំពោះមុខមេដឹកនាំអាស៊ាន ក្នុងការដឹកនាំធ្វើជា ម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២០ ឲ្យកាន់តែទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ពិសេសគឺដើម្បីបម្រើឲ្យផលប្រយោជន៍ នៃប្រជាជនអាស៊ានទាំងជាង៦៥០លាននាក់៕