អ្នកនេសាទ បានលែងត្រីបាណន់គីង្គក់ ចូលទៅក្នុងសមុទ្រវិញ

AKP កំពត ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានថ្លែងថា ត្រីបាណន់ គីង្គក់មួយក្បាល ដែលអ្នកនេសាទចាប់បានកាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ត្រូវបានគាត់យកទៅលែងនៅសមុទ្រវិញហើយ។

គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានថ្លែងអំណរគុណដល់ឈ្មោះ ម៉ា ប៊ុនធឿន ដែលជាអ្នកនេសាទសមុទ្រមួយរូបមានស្រុកកំណើតនៅ ភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកកំពត ខេត្តកំពត ដែលបានចូលរួមអភិរក្សលែងត្រីបាណន់គីង្គក់ (ឆ្លាមប៉ារ៉ា) មួយក្បាល ជាប្រភេទត្រីដ៏កម្រ ចូលទៅក្នុងសមុទ្រធម្មជាតិវិញ បន្ទាប់ពីរូបគាត់អូសបានពេល កំពុងនេសាទ។
សកម្មភាពនេះ ជាគំរូល្អមួយសម្រាប់អ្នកនេសាទផ្សេងទៀតក្នុងការចូលរួមសហការ ថែរក្សាធនធានធម្មជាតិ និងជីវចម្រុះដ៏កម្រនៅក្នុងប្រទេសកម្ពុជាយើង៕

ដោយ ណយ ណឿន ( ប្រភព៖ ទីបញ្ជាការជួរមុខគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ)