ប្រមុខដឹកនាំកម្ពុជា ស្នើដល់មេដឹកនាំអាស៊ាន និងប្រទេសបូកបី យកចិត្ត​ទុក​ដាក់ លើការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្នុងបទអន្តរាគមន៍ថ្លែងទៅកាន់ប្រទេសបូកបី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គ​ម​ហា​សេនាបតីតេជោ ហ៊ុន សែន បានស្នើដល់មេដឹកនាំអាស៊ាន និងប្រទេសបូកបី បង្កើនការ​យ​ក​ចិត្ត​ទុក​ដាក់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ    ពិ​សេសតាម រយៈការចែករំលែកបទពិសោធន៍ ជំនាញ ចំណេះដឹង និងសកម្មភាពជួយ​អភិវឌ្ឍន៍​ធ​ន​ធានមនុស្ស ដល់​ប្រទេសសមាជិកអាស៊ាន ដែលកំពុងត្រូវការនូវការ​ពង្រឹង​សមត្ថភាពលើ​វិ​ស័​យ​នេះ។ នេះបើតាមប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា។

កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២២ ជាមួយសាធារណរដ្ឋប្រជាមានិចិន ជប៉ុន    សា​ធា​រណរដ្ឋកូរ៉េ បាន​ប្រារព្ធពិធីបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និង​ស​ន្និបាតអ៊ីមផែក ព្រះរាជាណាចក្រថៃ។

ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និង​ប្រ​មុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃ​ប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ បានធ្វើការពិនិត្យពិ​ភាក្សា​ទៅ​លើរបៀបវារ: ដែលបាន​គ្រោង​ទុក​។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបា​ន​ស្តាប់នូវរបាយការណ៍​លើក​ឡើងពីប្រមុខ ប្រមុខរដ្ឋាភិបាល នៃប្រទេសបូកបី ដែលបានឆ្លុះ​ប​ញ្ចាំ​ងពីវឌ្ឍនភាព បញ្ហា​ប្រឈមនានា និងការដាក់ចេញនូវផែនការយុទ្ធសាស្រ្ត​សម្រាប់បណ្តា​ឆ្នាំ​ខាងមុខ នៃកិច្ចសហ​ប្រតិបត្តិការយុទ្ធសាស្រ្តយូរអង្វែង រវាងប្រទេសអាស៊ាន ជាមួយនឹងប្រ​ទេ​ស​បូកបី។ មេដឹក​នាំអាស៊ាន និងប្រទេសបូកបី បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទៅ​លើបញ្ហានានា ដែលទាក់ទិនទៅនឹងវិស័យសុខាភិបាល បញ្ហាជំងឺ​ឆ្លង បម្រែបម្រួល​អាកា​ស​ធាតុ រួមទាំង​បញ្ហា​ពាក់ព័ន្ធនានា ដែលមេដឹកនាំទាំងអស់ មានការយកចិត្តទុកដាក់ដូច​គ្នា​។ ដូចគ្នានឹង​បណ្តា​មេដឹកនាំអាស៊ានដែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើបទអន្តរាគមន៍​ទៅ​កាន់ប្រទេស​បូកបីថា កម្ពុជាឥឡូវនេះ គឺជាវេលាដ៏ចំបាច់សម្រាប់ការបញ្ចប់កិច្ចចរចា​លើកិ​ច្ច​ព្រមព្រៀងស្តីពី​ភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៃសេដ្ឋកិច្ចតំបន់ ដើម្បីបន្តជំរុញគាំទ្រការធ្វើ ពា​ណិជ្ជកម្មសេរី​ដ៏មានសារៈសំខាន់ នៅក្នុងតំបន់អាស៊ាន ដែលជាមូលដ្ឋានគ្រឹះ​សម្រាប់វិបុល​ភា​ព សេដ្ឋកិច្ច​ពិភពលោក។ សម្តេចតេជោក៏បានស្នើដល់មេដឹកនាំអាស៊ាន និងប្រទេសបូកបី បង្កើន​ការ​យកចិត្ត​ទុក​ដាក់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការពារបរិស្ថាន និងធនធាន​ធម្ម​ជាតិ ពិសេសតាមរយៈការចែករំលែកបទពិសោធន៍ ជំនាញ ចំណេះដឹង និងសកម្មភាព​ជួ​យ​​អភិវឌ្ឍន៍ធនធានមនុស្ស ដល់​ប្រទេសសមាជិកអាស៊ាន ដែលកំពុងត្រូវការនូវការពង្រឹង​សម​ត្ថ​ភាព​លើវិស័យនេះ។ នៅក្នុង​កិច្ច​ប្រជុំកំពូលនេះដែរ មេដឹកនាំទាំងអស់បានសម្ដែងនូវការ​វា​យ​​តម្លៃខ្ពស់ និងកោតសរ​សើរ ចំពោះវឌ្ឍន​ភាពដែលប្រទេសអាស៊ាន និងប្រទេសបូកបី ស​ម្រេច​បានក្នុងរយ:ពេលជាង២០ឆ្នាំកន្លងទៅ ពិសេសការ​កើន​ឡើង នៃទំហំពាណិជ្ជកម្មរវាង​ប្រទេ​ស​អា​ស៊ាន ជាមួយនិងប្រទេសបូកបី ក្នុងនោះ កាលពី​ឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្ម​រវាង​អា​ស៊ាន និងប្រទេសបូកបី បានកើនឡើងដល់ ៨០៧,៣ ប៊ីលានដុល្លារអាម៉េរិក ស្មើនិង​៣១.៦​ភា​គ រយ នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន។ ក្នុងឆ្នាំ​ដដែល​នោះដែរ ទុនវិនិយោគផ្ទាល់ពី​បរ​ទេស ហូរចូលប្រទេសបូកបី និងចូលអាស៊ាន ឡើងដល់ ២៩.៩ ប៊ីលាន​ដុល្លារ ស្មើនិង​២១.៨​ភា​គរយ ទុនវិនិយោគផ្ទាល់ពីបរទេស របស់អាស៊ាន។ ជាមួយគ្នានេះ មេ​ដឹកនាំអាស៊ាន និង​មេ​ដឹ​ក​នាំនៃប្រទេសបូកបី ​បានគូសបញ្ជាក់ម្តងទៀតនូវការប្តេជ្ញាចិត្តរបស់មេដឹក​នាំទាំង​អស់ ចំ​ពោះ​ការអនុវត្តយ៉ាងពេញលេញ នៃសេចក្តីសម្រេចពាក់ព័ន្ធនានា របស់ក្រុម​ប្រឹក្សា​សន្តិ​សុខ អង្គ​ការសហប្រជាជាតិ និងកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បី​នាំ​​មកនូវការរំសាយអាវុធនុយក្លេអ៊ែរ ពេញលេញនៅឧបទ្វីបកូរ៉េ និងបញ្ជាក់ពីសារ:​សំខាន់​នៃ​វេ​ទិកា​​ដែល​ដឹកនាំដោយអាស៊ាន ក្នុងនោះរួមមាន វេទិកាតំបន់អាស៊ានដើម្បីលើក​កម្ពស់​បរិ​យា​កា​ស​អំណោយ​ផល ដល់កិច្ចពិភាក្សាប្រកបដោយសន្តិភាព ក្នុងចំណោមភាគី​ពាក់​ព័ន្ធ។  ​ក្នុ​ង​​កិច្ច​ប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានឈានទៅ​ចេញ​សេចក្តី​ប្រ​កា​​សរបស់ប្រធាន កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២ អនុម័តសេចក្តី​ប្រកាសរបស់​ថ្នាក់​ដឹកនាំអាស៊ានបូកបី ស្តីពីការតភ្ជាប់គំនិតផ្តួចផ្តើមការតភ្ជាប់។ ជាមួយគ្នានេះ មេដឹក​នាំទាំង​អ​ស់​ ក៏បានធ្វើការកត់សម្គាល់​របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តផែនការ​ការងារកិច្ច​សហ​ប្រ​​តិបត្តិការអាស៊ានបូកបី(២០១៨-២០២២) កត់សម្គាល់អនុស្សរណៈលេខ ១៦ នៃបណ្តា​ក្រុ​ម​​អ្នកវិភាគអាស៊ីបូព៌ា និងកត់សម្គាល់របាយការណ៍នៃកិច្ចប្រជុំកំពូល​អាស៊ី​បូព៌ាលើកទី១៧ និ​ង​​ឯកសារគោលនយោបាយរបស់ការិយា​ល័យអាស៊ានបូកបីស្តីពីការ​ស្រាវ​ជ្រាវ​ម៉ាក្រូសេដ្ឋ​កិច្ច​៕

ដោយ ជឹម ណារី