រាជធានីភ្នំពេញនាឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះនឹងមានលក្ខណៈស្រស់ស្អាតជាង ឆ្នាំកន្លងទៅ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន វិទ្យុជាតិកម្ពុជា ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩៖

រាជធានីភ្នំពេញនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៩នេះ នឹងមានលក្ខណៈស្រស់ស្អាតជាងឆ្នាំកន្លងទៅ ដើម្បីទទួលស្វាគមន៍ ភ្ញៀវទេសចរជាតិ អន្តរជាតិមកពីគ្រប់ទិសទី។
រដ្ឋបាលរាជធានីភ្នំពេញបានសម្រុកពន្លឿនការកែលម្អសោភណ័ភាព និងហេដ្ឋរចនាសម្ព័ន្ធនានានៅរាជធានីមួយចំនួនដើម្បីឆ្ពោះទៅរៀបចំព្រះរាជពិធីអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាឆ្នាំ២០១៩នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងព្រះរាជពិធីបុណ្យនេះឲ្យបានកាន់តែច្រើន និងមានភាពអធិកអធមសប្បាយរីករាយ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មន្រ្តីជំនាញនៃមន្ទីរសាធារណការបានធ្វើសកម្មភាពកែលម្អសោភណ័ភាពបរិស្ថាននៅក្នុងតំបន់បរិវេណកន្លែងប្រារព្វព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះដូចជាកែលម្អ សួនច្បារសាធារណៈ ភ្លើងបំភ្លឺចម្រុះពណ៌ឲ្យកាន់តែភ្លឺច្បាស់និងស្អាតជាងមុន រួមទំាង ការស្ថាបនាបង្គន់អនាម័យសាធារណៈជាច្រើនកន្លែង ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ អន្តរជាតិបានប្រើប្រាស់ ដោយសេរីមិនគិតតម្លៃសេវាអ្វីឡើយ។ បន្ថែមពីនេះការតុបតែងរបាកាត់ទន្ទឹងផ្លូវដើម្បីស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងព្រះពិធីបុណ្យអុំទូកនៅទីតំាង សំខាន់ៗចំនួន៤កន្លែង ដូជានៅតំបន់រម្មណីយដ្ឋានវត្តភ្នំ របាកាត់ទទឹងផ្លូវនៅលើមហាវិថីព្រះ នរោត្តម ខាងជើងវិមានឯករាជ្យ របាកាត់ទទឹងផ្លូវនៅលើកផ្លូវព្រះស៊ីសុវត្ថិ និងរបាកាត់ទទឹងផ្លូវ កន្លែងអតីតយក្សកាច់កក្បែររង្វង់មូលសម្តេចសង្ឃជួនណាត។
«ឆ្នាំនេះប្លែកណាស់ទំាងការតុបតែងភ្លើងពណ៌ របា និងការរៀបចំផ្សេងៗទៀតគឺប្លែកជាង ឆ្នាំមុន អធឹកណាស់ ដូចការប្រកាសរបស់បុណ្យជាតិ និងសាលារាជធានីភ្នំពេញ»។
អ្នកស្រី ជា សុខរឿង ជាប្រជាពលរដ្ឋមកពីខេត្តកំពង់ចាបានសាទរចំពោះការ រៀបចំព្រះរាជពិធីបុណ្យអុំទូកនេះឡើង ដោយវាមិនត្រឹមតែបានលើកកម្ពស់តម្លៃវប្បធម៌ខ្មែរ និងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកលេងព្រះរាជពិធីបុណ្យនេះឲ្យបានកាន់តែច្រើន។
«ពិធីបុណ្យអុំទូកជាពិធីបុណ្យរបស់ខ្មែរ….សំខាន់មែនទែនសម្រាប់ប្រជាពលរដ្ឋខ្មែរ»។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ឆ្នាំ ២០១៩នេះ នឹងព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ទី១១ និងទី១២ ខែវិច្ឆិកាត្រូវនឹងថ្ងៃ១៤កើត១៥កើតនិងថ្ងៃ១រោចខែកត្តិកដែលនឹងមានទូកងទូកមួងមកពីតាមបណ្តាខេត្តចូលរួមជាងច្រើន។

តាមប្រវត្តិព្រះរាជ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអុំបុក និងសំពះព្រះខែរៀបចំឡើងដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹក ខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ។ ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំប្រជាពលរដ្ឋកម្ពុជា និងប្រទេសជាតិមានសុខន្តិសភាព ៕