បណ្តាថ្នាក់ដឹកនាំគូសបញ្ជាក់អំពីវឌ្ឍនភាពនៃភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន-ឥណ្ឌា

AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩​ — កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចែករំលែកទស្សនៈរបស់ថ្នាក់ដឹកនាំដទៃទៀតអំពីវឌ្ឍនភាពនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន – ឥណ្ឌា នៅក្នុងកិច្ចប្រជុំកំពូលរវាងភាគីទាំងពីរនៅទីក្រុងបាងកក។

កិច្ចប្រជុំកំពូលអាស៊ាន – ឥណ្ឌាលើកទី១៦ ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ត្រូវបានចូលរួមដោយថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំង ១០ និងនាយក     រដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ។

នៅក្នុងព្រឹត្តិការណ៍នោះ ពួកគេបានស្វាគមន៍ចំពោះគោលនយោបាយបូព៌ារបស់ឥណ្ឌា និងការគាំទ្រយ៉ាងសកម្មសម្រាប់តួនាទី និងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជំរុញការតភ្ជាប់ទំនាក់ទំនងក្នុងតំបន់ និងការកសាងសហគមន៍មួយ។

នាយករដ្ឋមន្រ្តីឥណ្ឌា លោក Modi បានបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់របស់ឥណ្ឌាចំពោះអាស៊ាន ដោយលោកបានសង្កត់ធ្ងន់ថា ប្លុកនេះ គឺជាចំណុចស្នូលនៃគោលនយោបាយបូព៌ារបស់ប្រទេសឥណ្ឌា និងទស្សនវិស័យឥណ្ឌូ – ប៉ាស៊ីហ្វិក ហើយឥណ្ឌាក៏គាំទ្រយ៉ាងខ្លាំងចំពោះទស្សនវិស័យឥណ្ឌូ – ប៉ាស៊ីហ្វិករបស់អាស៊ានផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ អ្នកចូលរួមបានកត់សម្គាល់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងឥណ្ឌា បាននឹងកំពុងរីកលូតលាស់យ៉ាងល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយពាណិជ្ជកម្មទ្វេភាគីឈានដល់តម្លៃ ៨០,៨ប៊ីលានដុល្លារអាម៉េរិក ហើយការវិនិយោគផ្ទាល់របស់ឥណ្ឌានៅអាស៊ានឈានដល់តម្លៃ ១,៧ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០១៨ ។ ក្រៅពីនេះ កិច្ចសហប្រតិបត្តិការត្រូវបានពង្រឹងបន្ថែមទៀតក្នុង           វិស័យនានា ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងក្រុមហ៊ុនអាជីវកម្មនៃភាគីទាំងពីរ។

ពួកគេក៏បានស្វាគមន៍ ចំពោះសេចក្តីសម្រេចរបស់បណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ច ក្នុងការចាប់ផ្តើមពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន – ឥណ្ឌា ដើម្បីឈានចូលទៅក្នុងទីផ្សារដែលមានប្រជាជនជាង ២ប៊ីលាននាក់របស់ភាគីទាំងពីរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)