រដ្ឋសភា កំពុងបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងនុម័តលើរបៀបវារៈចំនួន៥

AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សាលើ​របៀបវារៈចំនួន៥។ ការបើកសម័យប្រជុំលើកទី ៣ នីតិកាលទី ៦ ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូល​រួមពី​សមាជិក សមាជិការដ្ឋសភាចំនួន១១០រូប។

ក្នុងរបៀបវារៈដែលនឹងត្រូវពិភាក្សា​និង​អនុម័ត​ទាំង៥នេះ រួមមាន៖

១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត​យល់​ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិ​សញ្ញា​បំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម​និយម​វៀត​ណាម។

២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ​កិច្ចព្រម​ព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាល​ពិសេស​ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និង​ការ​បង្ការ​ការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៣-ការពិភាក្សា និងអនុម័ត​សេចក្តីព្រាង​ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់ ច្រកទ្វារព្រំដែន​ឆ្លងកាត់នៃ​កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លង កាត់។

៤-ការ​ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម​លើកិច្ច​ព្រម​ព្រៀង​អាស៊ាន​ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

៥-ការពិភាក្សា និងអនុម័តសេចក្តី​ព្រាង​ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជា សមាជិកនៃកិច្ច​ព្រម​ព្រៀង​ក្របខ័ណ្ឌស្តីពីការបង្កើតសម្ព័ន្ធ​ភាពថាមពលព្រះអាទិត្យអន្តរជាតិ៕

​ដោយ ប៊ុនរិទ្ធ