មន្ទីរកសិកម្មខេត្តស្វាយរៀង ថា ដំណាំដំឡូងមីឆ្នាំនេះមានតម្លៃកើនឡើងខ្លាំងជាងឆ្នាំកន្លងទៅ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា

MC៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង អះអាងថា ដំណាំដំឡូងមីឆ្នាំនេះមានតម្លៃកើនឡើងខ្លាំងជាងឆ្នាំកន្លងទៅ ដោយសារមិនបំផ្លាញពីសត្វល្អិតទៅលើផលដំណាំនេះទេ។

លោក អ៊ឹង ស៊ិនតិ ប្រធានការិយាល័យមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តស្វាយរៀង បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ឆ្នាំនេះផលដំឡូងមីស្ងួត១គីឡូក្រាម មានតម្លៃ៣០០រៀល ដោយកើនខ្ពស់ជាឆ្នាំទៅដែលមានតម្លៃត្រឹមតែ១០០រៀល ក្នុង១គីឡូក្រាម។ លោកបន្តថា ប្រជាពលរដ្ឋមានការ សប្បាយចិត្តចំពោះតម្លៃដែលទទួលបាននេះ។
សំឡេង «ឥឡូវតម្លៃដំណាំដំឡូងមីកើន គាត់បានដាំច្រើនជាងឆ្នាំមុនៗ ដំណាំតែងតែមានសត្វល្អិតមករំខានបន្តិចបន្តួច បំផ្លាញតិចឬច្រើន ទៅហើយអាស្រ័យទៅលើប្រព័ន្ធបរិស្ថាន ការប្រែប្រួលអាកាសធាតុ ។ កត្តាដែលធ្វើឲ្យសត្វល្អិតទៅលើដំណាំវាមិនមានផលប៉ះពាល់ទៅលើទិន្នផលដំណាំរបស់ពួកគាត់មិនធ្ងន់ធ្ងរនោះទេ ។តម្លៃឆ្នាំទៅតម្លៃជាង១រយរៀលទេ មកដល់ឆ្នាំនេះតម្លៃកើនទៅដល់៣រយរៀល ចំណែកប្រជាកសិករ អំពីតម្លៃរបស់ពួកគាត់ ប្រជាកសិករសប្បាយចិត្តជារៀងរាល់ឆ្នាំកន្លងមកដែលតម្លៃដំណាំដំឡូងមីកើនឡើងខ្លាំង។ »
លោកបានបន្តថា ផលដំណាំដំឡូងមីឆ្នាំនេះ មិនពិបាករកទីផ្សារលក់ចេញនោះទដោយសារមានឈ្មួញមកចាំទិញដល់ខាងមុខចំការតែម្តង ដែលខុសពីឆ្នាំមុនៗពួកគាត់ត្រូវដើររកអ្នកទិញ ហើយឈ្មួញទិញឲ្យតម្លៃថោកក្នុង១គីឡូក្រាម។
លោកបានឲ្យដឹងបន្ថែមថា នៅទូទាំងខេត្តស្វាយរៀង មានប្រជាកសិករដាំដំណាំដំឡូងមី ប្រមាណជាង៥ពាន់ហិកតា បន្ទាប់ពីមន្ទីរកសិកម្មខេត្ត បានយកចិត្តទុកដាក់ក្នុងការចងក្រងជាបណ្តុំដាំដុះដំណាំ ក៏ដូចជាបានផ្សព្វផ្សាយទៅដល់ប្រជាកសិករវិធានការទប់ស្កាត់ទៅលើជំងឺដំណាំដំឡូងមី និងការផ្លាស់ប្តូរពូជថ្មី ដែលធន់ទ្រាំ និងទប់ស្កាត់ជំងឺម៉ូសាអ៊ិច ព្រមទាំងមានការចុះទៅណែនាំពីការប្រើប្រាស់បច្ចេកទេស និងវិធីថែទាំដំណាំដំឡូងមី៕