សមាជិកគណៈរដ្ឋមន្រ្តីជប៉ុនទី ២ បានលាឈប់ពីតំណែងដោយសាររឿងអាស្រូវ

ជប៉ុន៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុនលោកកាតស៊ុយយ៉ូគី កាវ៉ាយ ​ បានលាឈប់ពីតំណែងនៅថ្ងៃព្រហស្បតិ៍នេះ   ជុំវិញការចោទប្រកាន់ថាប្រពន្ធរបស់លោកបានរំលោភច្បាប់បោះឆ្នោត។ ការចាកចេញនេះបានធ្វើឲ្យប៉ះពាល់ ដល់នាយករដ្ឋមន្រ្តីស៊ីនហ្សូអាបេដែលឥឡូវនេះបានបាត់បង់សមាជិកគណៈរដ្ឋមន្រ្តីចំនួនពីររូបក្នុងរយៈពេលមិនដល់មួយសប្តាហ៍ប៉ុណ្ណោះ  ។

លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុនអាយុ ៥៦ ឆ្នាំបានលាឈប់ពីតំណែង​  ចំពេលមានការចោទប្រកាន់ដែលធ្វើឡើង ដោយទស្សនាវដ្តីប្រចាំសប្តាហ៍ ​ ថាភរិយារបស់លោកឈ្មោះលោកស្រីអង់រី កាវ៉ាយ ​ អាយុ ៤៦ ឆ្នាំដែលជាប់ឆ្នោតជ្រើសរើសនៅសភាជាន់ខ្ពស់កាលពីខែកក្កដា បានផ្តល់ប្រាក់ឧបត្ថម្ភ ដល់មន្ត្រីក្រោមឱវាទ  ។

ទស្សនាវដ្តីប្រចាំសប្តាហ៍ នោះ  បានរាយការណ៍នៅក្នុងប្រព័ន្ធអ៊ីនធឺណេតថាលោកស្រីត្រូវបានគេសង្ស័យថាបានផ្តល់ប្រាក់ កម្រៃដល់បុគ្គលិករាល់ថ្ងៃដែលលើសពីចំនួនទឹកប្រាក់ត្រូវបានអនុញ្ញាតដោយច្បាប់។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០១.១១.១៩)