ចិនទទូចដល់ឥណ្ឌាឱ្យគោរពអធិបតេយ្យភាពទឹកដីរបស់ខ្លួន

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ — កាលពីថ្ងៃព្រហស្បតិ៍ប្រទេសចិនបានទទូចដល់ប្រទេសឥណ្ឌា ឱ្យគោរពអធិបតេយ្យភាពទឹកដីរបស់ខ្លួន ព្រមទាំងគោរពកិច្ចព្រមព្រៀងដែលមានជាប់ទាក់ទងដែលបានសម្រេចរវាងភាគីទាំងពីរ បន្ទាប់ពីប្រទេសអាស៊ីខាងត្បូងនេះបានប្រកាសក្នុងថ្ងៃព្រហស្បតិ៍នេះការបង្កើតរបស់ដែលហៅថា « ទឹកដីសហភាពហ្សាំមូ និងកាស្មៀរ » និង « ទឹកដីសហភាព ឡាក់ដាក » ដែលដាក់ផ្នែកទឹកដីចិន នៅក្រោមការគ្រប់គ្រងរបស់ឥណ្ឌានោះ ។

អ្នកនាំពាក្យក្រសួងការបរទេសលោក តេងសួង បានធ្វើការកត់សម្គាល់នេះនៅពេលគេស្នើឱ្យធ្វើ  អត្ថាធិប្បាយស្តីពីបញ្ហានេះ ។

លោក តេង បាននិយាយថា ចិនសោកស្តាយ នឹងជំទាស់យ៉ាងខ្លាំងចំពោះរឿងនេះ ។ ប្រទេសឥណ្ឌាកំពុងប្រឆាំងនឹងសិទ្ធិអធិបតេយ្យភាព និងផលប្រយោជន៍របស់ប្រទេសចិនតាមរយៈច្បាប់ នឹងការបែងចែកការគ្រប់គ្រងក្នុងស្រុកដែលបានធ្វើការផ្លាស់ប្តូរជាឯកតោភាគី ។ នេះគឺជាការខុសច្បាប់ , ទុកជាមោឃៈ និងគ្មានបានការ ។ វានឹងមិនអាចផ្លាស់ប្តូរការពិតដែលថា តំបន់ដែលមានជាប់ពាក់ព័ន្ធនេះ គឺស្ថិតនៅក្រោមការត្រួតត្រាពិតប្រាកដរបស់ចិន ទាំងមិនអាចបានផលណាមួយឡើយ  ។

លោកបានទទូចដល់ប្រទេសឥណ្ឌាឱ្យប្រកាន់យកសកម្មភាពពិតប្រាកដដើម្បីការពារសន្តិភាព និងភាពស្ងប់ស្ងាត់នៅក្នុងតំបន់ព្រំដែននេះ ព្រមទាំងបង្កើតនូវស្ថានភាព គួរជាទីពេញចិត្តសម្រាប់ធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហាព្រំដែនជាមួយប្រទេសចិន​ ។

លោក ​តេង បាននិយាយថា ជំហររបស់ចិន ស្តីពីបញ្ហាកាស្មៀរ គឺមិនផ្លាស់ប្តូរនិងច្បាស់លាស់ ។ វាជាជម្លោះមួយដែលបានបន្សល់ទុកពីប្រវត្តិសាស្ត្រ ហើយគេគួរតែដោះស្រាយឱ្យបានត្រឹមត្រូវ និងដោយសន្តិវិធី ស្របទៅតាមធម្មនុញ្ញ អ.ស.ប , ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខដែលមានជាប់ពាក់ព័ន្ធ ព្រមទាំងកិច្ចព្រមព្រៀងទ្វេភាគី ។ ភាគីចំពោះបញ្ហានេះ ត្រូវតែដោះស្រាយជម្លោះនេះតាមរយៈការសន្ទនា នឹងពិគ្រោះយោបល់គ្នាដើម្បីថែរក្សាសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់នេះ​ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )