ទាហាន៧នាក់របួសក្នុងការប៉ះទង្គិចគ្នាជាមួយពួកអាប៊ុយសាយ៉ាប់ ក្នុងប្រទេសហ្វីលីពីនខាងត្បូង 

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា  ឆ្នាំ២០១៩ — យោធាបាននិយាយពីថ្ងៃព្រហស្បតិ៍ថា ទាហាន៧នាក់បានរងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយ​ពួក​សកម្មប្រយុទ្ធអាប៊ុយសាយ៉ាប់ (  Abu Sayyaf ) ក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង ។

យោធាបាននិយាយថា ការប្រយុទ្ធគ្នា៥០នាទីបានផ្ទុះឡើងជាដំបូងនៅប្រហែលម៉ោង៨:០០ព្រឹក ម៉ោងក្នុងស្រុកកាលពីថ្ងៃពុធ នៅពេលដែលកងទ័ពល្បាតបានជួបប្រទះក្រុមចោរព្រៃអាប៊ុយសាយ៉ាប់ ប្រដាប់ដោយអាវុធធុនធ្ងន់ប្រហែល៣០នាក់ នៅក្នុងភូមិមួយក្បែរទីប្រជុំជន Patikul  ខេត្តស៊ូលូ ។

យោធាបាននិយាយថា ទាហាន៥នាក់បានរងរបួសក្នុងការប្រយុទ្ធគ្នាជាដំបូង ។

យោធាបាននិយាយថា ការប្រយុទ្ធគ្នាមួយទៀតបានកើតឡើងនៅប្រហែលម៉ោង៤: ២០នាទីរ​សៀល​​​​ម៉ោងក្នុងស្រុក កាលពីថ្ងៃពុធ នៅពេលដែលកងទ័ពបានតាមទាន់ពួកអាប៊ុយសាយ៉ាប់ ដែលដក​ថយចំនួន១០នាក់ក្នុងភូមិមួយទៀត ក្នុងទីប្រជុំជន Patikul   ដែលធ្វើឱ្យទាហាន២នាក់របួស ។

យោធាបាននិយាយថា ការស៊ើបអង្កេតមួយកំពុងប្រព្រឹត្ត ដើម្បីកំណត់ថា តើពួកចោរព្រៃក៏បាន​ស្លាប់ឬរបួសផងដែរ ឬយ៉ាងណានៅក្នុងការប៉ះទង្គិចគ្នាទាំងពីរនេះ ។

រដ្ឋាភិបាលហ្វីលីពីនបានដាក់ ពង្រាយកងទ័ពរាប់រយនាក់ ព្រមទាំងទ្រព្យសម្បតិ្ត អាកាស និងកង​នាវាចរនៅស៊ូលូ ដើម្បីកម្ទេចពួកអាប៊ូសាយ៉ាប់ជាក្រុមមួយ ដែលមានពួកយុទ្ធជនប្រហែល៤០០នាក់ ។​ក្រុមនេះជាអ្នកទទួកខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកធ្វើឱ្យស្លាប់, ការចាប់ពង្រត់ទារយកប្រាក់លោះ ​នឹងការកាត់ក្បាលមនុស្សក្នុងប្រទេសហ្វីលីពីនខាងត្បូង ។

ក្រុមនេះបាននឹងកំពុងធ្វើឱ្យមានការភ័យស្លន់ស្លោ​ ក្នុងប្រទេសហ្វីលីពីនខាងត្បូងចាប់តាំងពី​ទសវត្ស​ឆ្នាំ ១៩៩០ ដែលធ្វើឱ្យមានកង្វល់ដល់ពួកទេសចរណ៍បរទេស, ពួកពាណិជ្ជករ និងពួកអ្នកនេសាទ ដែលមិនគ្រាន់តែមកពីហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងក៏មកពីប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលនៅជិតខាងផងដែរ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)