នាយករដ្ឋមន្រ្តីវៀតណាមទទួលស្វាគមន៍ប្រធានពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចសម្រាប់ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ នៃសភាអឺរ៉ុប លោក Bernd Lange នៅទីក្រុងហាណូយ។

នាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះលោក Lange ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការជំរុញឱ្យសហភាពអឺរ៉ុបចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម – សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគរវាងវៀតណាម – សហភាពអឺរ៉ុប (IPA) ។

នាយករដ្ឋមន្រ្តី Phuc បាននិយាយថា ក្នុងខណៈដែលភាគីទាំងពីរនឹងប្រារព្ធខួបលើកទី៣០ នៃចំណងការទូតទ្វេភាគីនៅក្នុងឆ្នាំក្រោយវៀតណាម និង EU ចាំបាច់ត្រូវបង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់ រក្សានូវកិច្ចពិភាក្សា និងយន្តការសហប្រតិបត្តិការ ក៏ដូចជាដោះស្រាយបញ្ហាដែលមានស្រាប់នៅក្នុងទំនាក់ទំនងទ្វេភាគី។ ។

នាយករដ្ឋមន្រ្តីវៀតណាមបានសាទរចំពោះសេដ្ឋកិច្ចយុទ្ធសាស្ត្រដ៏សំខាន់របស់ EVFTA និង IPA នៅក្នុងទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប ក៏ដូចជាការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចដែលបើកចំហ តម្លាភាព និងផ្អែកលើច្បាប់។

លោកក៏បានសង្ឃឹមដែរថា ទំនាក់ទំនងរវាងអឺរ៉ុប និងអាស៊ាន និងទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌពហុភាគីនឹងត្រូវបានពង្រឹងបន្ថែមទៀត រួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងក្នុងពិភពលោក។

លោក Lange បានអះអាងថា EU គាំទ្រគោលជំហររបស់វៀតណាមចំពោះបញ្ហាសមុទ្រខាងកើត ដោយលោកបាននិយាយបន្ថែមថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗស្តីពីពាណិជ្ជកម្ម និងការ     វិនិយោគ ការអភិវឌ្ឍន៍នៃទំនាក់ទំនងផ្អែកលើភាពជាដៃគូជំនួសឱ្យការប្រកួតប្រជែង គឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងបរិបទនៃពិភពលោកដែលកំពុងមានការផ្លាស់ប្តូរឥតឈប់ឈរជាមួយនឹងហានិភ័យជាច្រើន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)