ឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះនៃសិក្ខាសាលាស្តីពី  គោលនយោបាយសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅអាស៊ី

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩​ — អាទិភាពនៃគោលនយោបាយពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៅអាស៊ីក្នុងឆ្នាំ២០២០គឺជាប្រធានបទសំខាន់ នៅក្នុងសិក្ខាសាលាមួយ ដែលត្រូវបានធ្វើឡើងកាលពីចុងខែតុលា ឆ្នាំ​២០១៩ នេះ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលបានទាក់ទាញការចូលរួមពីអ្នកសេដ្ឋកិច្ច និងអ្នកប្រាជ្ញឥណ្ឌូណេស៊ី និងបរទេសចូលរួមជាច្រើន ហើយក្រៅពីនោះក៏មានអ្នកបង្កើតគោលនយោបាយឥណ្ឌូណេស៊ី និងអ្នកការទូតបរទេសដែរ។

ព្រឹត្តិការណ៍ត្រូវបានរៀបចំរួមគ្នាដោយការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចឥណ្ឌូណេស៊ី និងការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ី ដែលមានគោលបំណងប្រមូលមតិទាក់ទងនឹងគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅអាស៊ី ឆ្ពោះទៅរកការដោះស្រាយការលំបាក និងបញ្ហាប្រឈមនានាចំពោះសេដ្ឋកិច្ចអាស៊ីក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលជះឥទ្ធិពលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ក៏ដូចជាធ្វើឱ្យខូចខាតដល់លំហូរពាណិជ្ជកម្ម និងហិរញ្ញវត្ថុផងដែរ។

សិក្ខាសាលានេះរួមបញ្ចូលសម័យប្រជុំចំនួន៣ ដែលក្នុងអំឡុងពេលនោះ អ្នកចូលរួមបានចង្អុលបង្ហាញអំពីហានិភ័យដែលប្រឈមនឹងសេដ្ឋកិច្ចអាស៊ី ព្រមទាំងវាយតម្លៃចំពោះប្រសិទ្ធភាពនៃប្រព័ន្ធពាណិជ្ជកម្មសកលលោក និងអាស៊ី ដូច្នេះស្នើសុំដំណោះស្រាយដ៏ត្រឹមត្រូវដើម្បីធ្វើឱ្យប្រតិបត្តិការទាំងអស់ដំណើរការបានល្អប្រសើរ។

នៅក្នុងសម័យប្រជុំមួយផ្តោតសំខាន់ទៅលើការចេញផ្សាយទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិនិយោគ និងសេដ្ឋកិច្ចឌីជីថល។

ថ្លែងនៅក្នុងពិធីនោះ លោក Perry Warjyo ទេសាភិបាលធនាគារកណ្តាលឥណ្ឌូណេស៊ីបាននិយាយថា ឥណ្ឌូណេស៊ី និងបណ្តាប្រទេសដទៃទៀតនៅអាស៊ី កំពុងប្រឈមមុខនឹងបញ្ហាធំៗ យ៉ាងហោចណាស់ចំនួន ៣ ដែលជាការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុអាស្រ័យលើអត្រាការប្រាក់ នឹងការធ្វើតួលេខ និងការផ្លាស់ប្តូរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បណ្តាអ្នកជំនាញដែលចូលរួមក្នុងព្រឹត្តិការណ៍នេះបានឯកភាពគ្នាថា បណ្តារដ្ឋាភិបាល និងធនាគារ    កណ្តាលនៅអាស៊ី ច្រើនតែពឹងផ្អែកលើគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ ដើម្បីដោះស្រាយជាមួយហានិភ័យខាងក្រៅដែលពួកគេប្រឈមមុខ។

ពួកគេបានកត់សម្គាល់ថា ឥណ្ឌូណេស៊ី និងសេដ្ឋកិច្ចអាស៊ីដទៃទៀត ត្រូវតែកែលម្អបណ្តាញសុវត្ថិភាពពិភពលោករបស់ពួកគេ ដូច្នេះពួកគេអាចផ្តល់នូវសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ក្នុងពេលមានវិបត្តិ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)