រដ្ឋមន្រ្តីក្រសួងដែនដីហាមសម្បទានិកដែលទទួលបានដីសម្បទានសង្គមកិច្ចមិនត្រូវលក់ដូរ ឬយកទៅបញ្ចាំឡើយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ វ៉ែន​ វុទ្ធី​៖

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីហាមប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ សូមកុំលក់ដូរ ឬយក ទៅបញ្ចាំឡើយ ដើម្បីរក្សាដីនេះអោយបានល្អសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារនិងកូនចៅតទៅមុខ ទៀត។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ឯកឧត្តម ជា សុផារ៉ា ឧបនាយកទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា ការផ្តល់បណ្ណកម្មសិទ្ធីដីធ្លីដល់ប្រជាពលរដ្ឋក្រីក្រក្នុងគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២នេះ មិនត្រឹមតែធានាអោយប្រជាពលរដ្ឋទំាង អស់នេះមានសិទ្ធិពេញលេញក្នុងការគ្រប់គ្រងដីធ្លីរបស់ខ្លួនទៅតាមតម្រូវការប៉ុណ្ណោះទេ ប៉ុន្តែ វាជាផលប្រយោជន៍លើកកម្ពស់សេដ្ឋកិច្ចក្រុមគ្រួសាររយៈពេលវែងតទៅមុខទៀត។
ក្នុពិធីប្រគល់បណ្ណកម្មសិទ្ធិអចលនវត្ថុជូនប្រជាពលរដ្ឋក្រីក្រស្ថិតក្នុងរស្មី សាមគ្គី ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ទោះបីបង ប្អូនប្រជាពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធិដីធ្លីរួចហើយជួបការលំបាកក្នុងជីវភាពយ៉ាងណាក្តី មិនត្រូវយកដីដែលបានផ្តល់ជូននេះទៅលក់ដូរឬបញ្ចាំនៅធនាគារឡើយដើម្បីកុំអោយរងទុក្ខជួបការលំបាកគ្មានផ្ទះសម្បែងឬគ្មានដីធ្វើសែ្រចំការដូចពីមុន។
ឯកឧត្តម បានបញ្ជាក់ថា ដើម្បីទប់ស្កាត់កុំអោយប្រជាពលរដ្ឋទំាងនេះលក់ដីដែលរដ្ឋផ្តល់ជូនហើយ នោះ អាជ្ញាធរឃុំស្រុកទំាងឡាយដែលស្ថិតនៅក្នុងគម្រោងផ្តល់ដីសម្បទានដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ទំាងអស់មិនត្រូវចុះហត្ថលេខាដឹងឮឬទទួលស្គាល់ឡើយ នៅពេលបងប្អូនណាចង់លក់ឬចង់បញ្ចាំ ហើយការធ្វើដូច្នេះគឺដើម្បីបំរើផលប្រយោជន៍រយៈពេលវែងរបស់បងប្អូនប្រជាពលរដ្ឋមានផ្ទះសម្បែងស្នាក់នៅមានដីធ្វើកសិកម្មនិងអាចផ្ទេរទៅអោយ កូនចៅថែមទៀតផង។
ឯកឧត្តម វ៉ី សំណាង អភិបាលកំពង់ស្ពឺបានមានប្រសាសន៍ថា តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនេះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋពីគ្មានដីទៅជាមានដី សម្រាប់ធ្វើផ្ទះសម្បែង និងដីធ្វើកសិកម្ម ដើម្បីស្តារជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។
សូមបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២បានអនុវត្តនៅខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដែលបានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានរយៈពេល ៥ឆ្នាំ ចាប់ពីខែសីហាឆ្នាំ២០១៦ ដល់ ខែធ្នូ ឆ្នាំ២០២១ ថវិកាសរុបជាង២៦លានដុល្លារសហរដ្ឋអាមេរិកក្នុងនោះថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមានចំនួនជាង១លានដុល្លារសហរដ្ឋអាមេរិក៕