អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនណែនាំឲ្សសិស្សនុសិស្សនៅឆ្ងាយពីគ្រឿងញៀន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ណែនាំឲ្យសិស្សនុសិស្សនៅឆ្ងាយពីគ្រឿងញៀន ដែលបាននឹងកំពុងជះឥទ្ធិពលជាអវិជ្ជមានលើសន្តិសុខសង្គម និងការអភិវឌ្ឍប្រទេស។
អ្នកយកព័ត៌មានយើងរាយការណ៍
ថ្លែងទៅកាន់សិស្សានុសិស្ស ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ នៅសាលាវិទ្យាល័យឥន្ទ្រទេវី ព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តល់ដំបូន្មានថា ការប្រើប្រាស់ ឬការពាក់ព័ន្ធនឹងគ្រឿងញៀន មិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជីវភាព និងសុវត្ថិភាពរបស់បុគ្គលប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់អនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូលផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ លើកទឹកចិត្តដល់សិស្សានុសិស្សតាមសាលារៀនទាំងអស់ចូលរួមក្នុងសកម្មភាពនានា ដើម្បីបង្កា ទប់ស្កាត់ការប្រើប្រាស់ ក៏ដូចជាការជួញដូរគ្រឿងញៀនទាំងជុំវិញសាលា ក៏ដូចជានៅក្នុងមូលដ្ឋានដែលខ្លួនរស់ផងដែរ។ ជាមួយគ្នានេះ ក៏បានជំរុញដល់ក្រុមយុវជនកាយរិទ្ធ និងកាកបាទក្រហម ធ្វើសកម្មភាពឲ្យបានខ្លាំងក្លា និងជាប់ជាប្រចាំ ដោយសហការឲ្យបានល្អជាមួយថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមានសមត្ថកិច្ចផ្សេងៗទៀត ដើម្បីការពារមិត្តភក្តិ និងការពារសាលារៀនឲ្យជៀសផុតពីបញ្ហាផ្សេងៗ ពិសេសរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីបង្កើត និងថែរក្សាបរិយាកាសល្អ ដែលជាលក្ខខ័ណ្ឌចាំបាច់ក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ។
សំឡេង៖ «សូមក្មួយៗចងចាំឲ្យច្បាស់ថា គ្រឿងញៀន គឺជាអាវុធដ៏មុតស្រួចដែលអាចសម្លាប់យើង និងបំផ្លាញអនាគតរបស់យើងក្នុងពេលដ៏ខ្លី ប្រសិនជាយើងមានការពាក់ព័ន្ធនឹងវា! ក្មួយៗត្រូវតែស្វែងយល់រឿងនេះឲ្យបានច្បាស់ ហើយរកវិធីគ្រប់បែបយ៉ាង និងការគាំទ្រផ្សេងៗ ពីមិត្តភក្តិ ឬមាតាបិតា អាណាព្យាបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចផ្សេងៗទៀត បើមានការអូសទាញ ឬការបង្ខិតបង្ខំរបស់មិត្តភក្តិមិនល្អ ហើយជាមួយនោះ ក៏គួររកវិធីនិងចូលរួមក្នុងសកម្មភាពនានា ដើម្បីបង្កា ទប់ស្កាត់ការប្រើប្រាស់ ក៏ដូចជាការជួញដូរគ្រឿងញៀនទាំងជុំវិញសាលា ក៏ដូចជានៅក្នុងមូលដ្ឋានដែលខ្លួនរស់ផងដែរ»។
យុវតី ឡេង សៀវហ្វុង តំណាងសិស្សសាលាវិទ្យាល័យឥន្ទ្រទេវី បានប្តេជ្ញាមិនផ្សារភ្ជាប់ខ្លួនទៅនឹងបញ្ហាគ្រឿងញៀននោះទេ ហើយជាមួយគ្នានេះ ក៏ធ្វើជាយុវជនគំរូ ដើម្បីណែនាំមិត្តភក្តិកុំឲ្យចាញ់ការលួងលោមពីមិត្ត ឬបុគ្គលមិនល្អ ដែលនាំទៅប្រើប្រាស់គ្រឿងញៀន។
លោក នាក់ សុទ្ធា នាយកសាលាវិទ្យាល័យឥន្ទ្រទេវី បានប្រកាសថា ប្រសិនបើមានសិស្សណាម្នាក់ប្រើប្រាស់ ឬជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន សាលាមិនត្រូវអនុញ្ញាតឲ្យចូលរៀន និងលប់ឈ្មោះសិស្សនោះចេញពីសាលារៀនតែម្តង។
យោងតាមរបាយការណ៍របស់អង្គការ Good Neighbors Cambodia ដែលចេញផ្សាយកាលពី ខែកញ្ញា ឆ្នាំ២០១៩នេះ បានបង្ហាញថា កុមារបានក្លាយជាគោលដៅរបស់ក្រុមអ្នកជួញដូរគ្រឿងញៀន ហើយភាគច្រើននៃកុមារដែលរកឃើញថា បានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននោះ គឺមានអាយុចាប់ពី១៣ដល់១៨ឆ្នាំ និងបានសាយភាយពីទីក្រុងរហូតដល់ជនបទ។
កុមារចំនួន៤.៩ភាគរយ ក្នុងចំណោមកុមារសរុបចំនួន២៨៣នាក់ ដែលត្រូវបានសម្ភាសន៍អះអាងថា ពួកគេធ្លាប់ត្រូវបានគេណែនាំ និងលួងលោមឲ្យប្រើប្រាស់គ្រឿងញៀន ហើយអ្នកដែលណែនាំនិងលួងលោមនោះ ភាគច្រើនជាមិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ។
ដោយឡែក កុមារ ៣.៤ភាគរយ រាយការណ៍ថា ពួកគេធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយគ្រឿងញៀនទាំងនោះជាប្រភេទម៉ាទឹកក ដែលពួកគេទទួលបានពីមិត្តភក្តិ និងអ្នកជិតខាង ខណៈការស្ទង់មតិដដែលបានបង្ហាញថា កុមារចំនួន១៥.៩ភាគរយ ធ្លាប់ឃើញ


ការជួញដូរឬគ្រឿងញៀនក្នុងសហគមន៍ដែលពួកគេរស់នៅ។
បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងដែរថា យុទ្ធនាការបង្ក្រាបគ្រឿងញៀន ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ អាជ្ញាធរបានបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៣.៦៧៦ករណី ឃាត់ខ្លួនមនុស្សបានជាង៧.៦០០នាក់ ក្នុងនោះស្រី៥៤៥នាក់ និងចាប់បានគ្រឿងញៀនសរុបជាង៤០គីឡូក្រាម៕