មនុស្សស្លាប់កើនឡើងដល់ ៧១ នាក់និងរាប់សិបនាក់បានរងរបួសក្នុងករណីផ្ទុះឆេះរថភ្លើងនៅប៉ាគីស្ថាន

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


រថភ្លើងមួយខ្សែត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបំផុតក្នុងខេត្តភាគខាងកើត នៃប្រទេសប៉ាគីស្ថាននៅពេលនេះមានមនុស្សស្លាប់ដល់ចំនួន៧១នាក់ ហើយរាប់សិបនាក់បានរងរបួស។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃទី៣១ខែតុលាឆ្នាំ២០១៩។
លោក Ali Nawaz (អាលី ណាវ៉ាស់) មន្ត្រីជាន់ខ្ពស់ផ្លូវដែកប៉ាគីស្ថានបានឲ្យដឹងថាភាគច្រើននៃអ្នកដំណើរតាមរថភ្លើងនេះ ភាគច្រើនជាអ្នកធ្វើធម្មយាត្រា ទៅកាន់ការជួបជុំសាសនាប្រចាំឆ្នាំដ៏ធំបំផុតមួយរបស់ប៉ាគីស្ថាន ដោយធ្វើដំណើរពីទីក្រុងកំពង់ផែសមុទ្រការ៉ាជី (Karachi) ឆ្ពោះទៅកាន់ទីក្រុង រ៉ាវ៉ាល់ភីនឌី (Rawalpindi)។ អាជ្ញាធរប៉ាគីស្ថានបានឲ្យដឹងថា ការស៊ើបអង្កេតក៏នឹងត្រូវធ្វើឡើងផងដែរដើម្បីរកឲ្យឃើញថា ហេតុអ្វីបានជាមានការអនុញ្ញាតឲ្យអ្នកដំណើរ យកធុងហ្គាសដែលជាសម្ភារៈហាមឃាត់ឡើងលើរថភ្លើងដើម្បីចំអិនអាហារ នឹងបង្កឲ្យកើតមានសោកនាដកម្មដ៏គួរឱ្យរន្ធត់បែបនេះ។
សូមរម្លឹងផងដែរថា ប្រទេសប៉ាគីស្ថានតែងតែជួបគ្រោះថ្នាក់ដោយរថភ្លើងជាញឹកញាប់ ដែលកាលពីឆ្នាំ ២០០៥ មានមនុស្សរហូតដល់១៣០នាក់បានស្លាប់ដោយគ្រោះថ្នាក់រថភ្លើងបុកគ្នា៕
ប្រភព៖ សារព័ត៌មាន Channel News Asia