អភិបាលខេត្តកំពង់ចាម សំណូមពរដល់ប្រជាពលរដ្ឋ អោយមានការអត់ធ្មត់ ចំពោះការធ្វើចរាចរណ៍ តាមផ្លូវវាង ខណៈស្ពាន ១កន្លែងបាន បាក់ស្រុតដី

វិទ្យុជាតិកម្ពុជា៖ដោយ លោក ចិន សារ៉ាត ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានសំណូមពរដល់ប្រជាពលរដ្ឋ អោយមានការអត់ធ្មត់ដើម្បី ការពារសុវត្តិភាព តាមរយៈ ការធ្វើចរាចរណ៍ នៅតាមផ្លូវវាង ជាបណ្ដោះអាសន្នសិន ខណៈស្ពាន ១កន្លែង ស្ថិតនៅឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបាក់ស្រុតដី ។ សំណូមពររបស់ឯកឧត្តម អ៊ុន ចាន់ដា បាន ធ្វើឡើងនាឱកាស ឯកឧត្តម អញ្ជើញចុះពិនិត្យស្ថានភាពស្ពានស្រុត ១កន្លែង ស្ថិតនៅឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នេះ ។
សូមបញ្ជាក់ថា ស្ពានថ្ម ១កន្លែង ស្ថិតនៅក្នុងទីតាំងខាងលើ មានទំហំ ៩០ គុណនឹង ៤ម បានកសាងឡើង នាអំឡុងឆ្នាំ២០០១-២០០២ ។ មកដល់បច្ចុប្បន្ន ស្ពាននេះ បានទទួលរងការបាក់ស្រុតដី ដោយសារទឹកហូរបុក នាពេលទឹកសម្រក បណ្ដាលឲ្យលិចចេញគ្រឹះផ្នែកខាងក្រោម នៃសរសរជើងស្ពាន ចំនួន ១ដើម ។ ដើម្បី បញ្ជៀសគ្រោះថ្នាក់ អាជ្ញាធរ បានបិទបណ្ដោះអាសន្ន ដោយមិនតម្រូវឲ្យមធ្យោបាយធំៗធ្វើចរាចរណ៍ ឡើយ ៕