ស្ពានបេតុងឆ្លងកាត់អូរខ្សាច់ភូមិប្រជាពលរដ្ឋ និងបានប្រើប្រាស់នៅ ខែធ្នូ ឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង
M.Cមន្ត្រីបច្ចេកទេសស្ថាបនាស្ពាននៃមន្ទីរសាធារណៈការនិងដឹកជញ្ចូនខេត្តស្ទឹងត្រែងបានពន្លឿនការស្ថាបនាស្ពានបេតុងឆ្លងកាត់អូរខ្សាច់ភូមិ ដើម្បី ឆាប់បានធ្វើចរាចរណ៍ឆ្លងកាត់ សម្រាប់កសិករដឹកកសិផលទៅកាន់ទីផ្សារក្នុងខេត្ត ហើយភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ តំបន់រមណីយដ្ឋានក៍ងាយស្រួល។
ក្នុងសកម្មភាពពន្លឿនការសាងសង់ស្ពានបេតុង នៅឃុំភ្លុក ស្រុកសេសានខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣០ ខែតុលា កន្លងមកនេះ លោក ស គឹមណាត ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ចូនខេត្តបានបញ្ជាក់ថា៖ស្ពានអូរខ្សាច់ភូមិនេះមានប្រវែង៤៨ម៉ែត្រទទឹង៨ម៉ែត្រ និងសាងសង់ឱ្យហើយនៅក្នុងខែធ្នូឆ្នាំ២០១៩ដើម្បីបើកឱ្យធ្វើចរាចរណ៍នៅខែមករាឆ្នាំ២០២០។លោកថា៖កន្លងមក អូរខ្សាច់ភូមិ នេះ មានស្ពានឈើចាស់តូចចង្អៀត បង្កភាពលំបាក់ក្នុងការធ្វើចរាចរណ៍ ទើបខេត្តសម្រេចសាងសង់ស្ពានបេតុងថ្មីជំនួសវិញ សម្រាប់ឱ្យប្រជាពលរដ្ឋក្នុងស្រុកសេសានចំនួន៤ឃុំដែលមានជិត៣០០០គ្រួសារ ចេញចូលមកទៅរួមខេត្ត ហើយភ្ញៀវធ្វើដំណើរទៅកាន់តំបន់ទេសចរក៍បានឆាប់រហ័សដែរ។
លោកធី ចាន់ ក្រុមប្រឹក្សាឃុំភ្លុកស្រុកសេសានបានសាទរទទួលបានសមិទ្ធផលថ្មីនេះ ព្រោះវាស្រួលធ្វើចរាចរណ៏ទៅមកបានលឿនឆាប់រហ័ស សិស្សសាលាទៅរៀនក៍បានស្រួល មិនចំណាយពេលយូរ ខកខានការរៀនសូត្រដូចមុនទៀតទេ។លោកបន្តថា៖សមិទ្ធផលថ្មីនេះប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេសានទាំងអស់និងទទួលបានផលប្រយោជន៍ច្រើនពីស្ពាននិងផ្លូវនេះ។
(សម្លេង)ផ្លូវនេះស្ពាននេះកុំដឹកទំងន់លើសកម្រិតហើយជួយថែរក្សាបរិស្ថានទាំងអស់គ្នា ព្រោះធនធាននេះជាសម្បត្តិប្រទេសជាតិរបស់យើងយ៉ាងពិតប្រាកដ ជាស្នាដៃសម្តេចលោកបានជួយជូនប្រជាពលរដ្ឋហើយដឹកសមិទ្ធផលដែលប្រជាពលរដ្ឋធ្វើបានគឺទៅមកបានស្រួលកាត់បន្ថយពេលវេលាបានយ៉ាងច្រើន ។
លោកស្រី លី.ខាំវ៉ាន់ កសិករនៅ ភូមិបានប៊ុង ឃុំភ្លុកបានបញ្ជាក់ថា៖ស្ពាននិងផ្លូវនេះបានតភ្ជាប់ទៅដល់ទំនប់វ៉ារីអគ្គិសនីសេសានក្រោមពី ហើយបានផ្តល់លទ្ធភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចេញពីភូមិស្រែគរចាស់ មករស់នៅភូមិឃុំស្រែគរថ្មី បានដឹកកសិផលដោះដូរផ្នែកសេដ្ឋកិច្ច ជាលក្ខណៈគ្រួសារផងដែរ ព្រោះពួកគាត់ធ្វើដំណើរមកតាមផ្លូវនេះ ជិតជាងចេញទៅតាមផ្លូវជាតិលេខ៧៨ ។
សូមបញ្ជាក់ថា៖នេះជាស្ពានបេតុងទី៤ដែលមន្ទីរសាធារណៈការនិងដឹកជញ្ជូនបានសាសងសង់ ឡើងនៅឆ្នាំ២០១៩នេះ និងបន្តចាក់កៅស៊ូផ្លូវ ចំនួនជាង៣គីឡូម៉ែត្របន្ដែមទៀត ដែលត្រូវចំណាយថវិកាជាតិទាំងស្រុង តាមបណ្តោយផ្លូវ ចម្ងាយផ្លូវជាង២០គីឡូម៉ែត្រ ទៅកាន់ទីរួមស្រុកសេសាន៕